Register Already an agent ? Login

ច្រកទ្វារព្រំដែន អន្តរជាតិកម្ពុជា-ថៃ ស្ទឹងបត់ នឹងបម្រើតែសេវាដឹកជញ្ជូនទំនិញ តែប៉ុណ្ណោះ

ភ្នំពេញ: លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូនបាន ថ្លែងថា ច្រកទ្វារព្រំដែន អន្តរជាតិកម្ពុជា-ថៃ ស្ទឹងបត់ នឹងបម្រើតែសេវាដឹកជញ្ជូនប៉ុណ្ណោះ ដោយរក្សាទុកច្រកអន្តរជាតិប៉ោយប៉ែតសម្រាប់ បម្រើតែសេវាដឹកជញ្ជូន ភ្ញៀវទេសចរ ដើម្បីកាត់បន្ថយការ កកស្ទះចរាចរណ៍ ក៏ដូចជាផ្ដល់ភាពងាយ ស្រួល ដល់សមត្ថកិច្ចក្នុងការត្រួតពិនិត្យ ទំនិញដឹកជញ្ជូនឆ្លងកាត់ព្រំដែនឱ្យមានប្រសិទ្ធភាព តម្លាភាព និងចំណេញពេលវេលា។នេះបើយោងតាមហ្វេសប៊ុករបស់ក្រសួងសាធារណការ។

ក្នុងឱកាសអញ្ជើញចុះ ហត្ថលេខាលើកិច្ចសន្យាគម្រោងសាងសង់ច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ជាមួយក្រុមហ៊ុនសាងសង់ FIN TECHNIC នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ លោករដ្ឋមន្ត្រីបានឲ្យដឹងថា គម្រោងនេះផ្ដោតលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន ដែលរួមមាន៖ អគាររដ្ឋបាលច្រកចូលទ្វារព្រំដែន និងផ្លូវ សំណង់អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ សំណង់កាត់បន្ថយគ្រោះទឹកជំនន់ និងការជួសជុលកែលម្អផ្លូវចាស់។ គម្រោងនេះគ្រោងចំណាយថវិកាប្រមាណ ៩២៨ ១១០ ៦៨១ បាត (Baht) ក្រោមហិរញ្ញប្បទានសម្បទានពីរាជរដ្ឋាភិបាលថៃ និងប្រើរយៈពេល២៤ខែ។

លោករដ្ឋមន្ត្រីបានគូបញ្ជាក់ថា”គម្រោងនេះនឹងបម្រើតែសេវាដឹកជញ្ជូន ប៉ុណ្ណោះ ដោយរក្សាទុកច្រកអន្តរជាតិប៉ោយប៉ែតសម្រាប់បម្រើតែសេវាដឹកជញ្ជូនភ្ញៀវទេសចរ ដើម្បីកាត់ បន្ថយការកកស្ទះចរាចរណ៍ ក៏ដូចជាផ្ដល់ភាពងាយ ស្រួល ដល់សមត្ថកិច្ចក្នុងការត្រួតពិនិត្យទំនិញដឹក ជញ្ជូនឆ្លងកាត់ព្រំដែនឱ្យមានប្រសិទ្ធភាព តម្លាភាព និងចំណេញពេលវេលា”។

គួររំលឹកផងដែរថា៖ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបីផ្សេងគ្នានៅលើទឹកដីក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ដែលកម្មវិធីទាំងបីនោះរួមមាន៖ ១) ការចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ពានស្ទឹងបត់) ២)ការបើកការដ្ឋានសាងសង់អគាររដ្ឋបាលច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវ តភ្ជាប់ទៅផ្លូវជាតិលេខ ៥ និង ៣) ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូន ឆ្លងកាត់ព្រំដែន និងពិធីប្រគល់-ទទួលក្បាលរដ្ឋភ្លើងDMU៕

ប្រភព : www.dap-news.com