Register Already an agent ? Login

កម្ពុជា ចង់ឲ្យចិនវិនិយោគ គម្រោងទីក្រុងវៃឆ្លាត ផ្លូវ ល្បឿនលឿន និងការតភ្ជាប់ផ្លូវ

ភ្នំពេញ៖ លោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញពីគម្រោង នាពេលអនាគតរបស់កម្ពុជា ដែលជាឱកាសវិនិយោគ សម្រាប់គណៈប្រតិភូចិន ឲ្យវិនិយោគលើ គម្រោងការអភិវឌ្ឍទីក្រុង ទីក្រុងវៃឆ្លាត គម្រោងផ្លូវល្បឿនលឿន និងការតភ្ជាប់ផ្លូវ។

ក្នុងជំនួបពិភាក្សាការងារជាមួយ គណៈប្រតិភូវិនិយោគ ប៉េកាំង-ហុងកុង ដែលដឹកនាំដោយ លោក Wang Hongneun អគ្គនាយករង នៃការិយាល័យពាណិជ្ជកម្មប៉េកាំង និងលោកស្រី Regina Lai ប្រធានផ្សព្វផ្សាយ ក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ លោក តូច ចាន់កុសល បានថ្លែងថា ស្ថានភាពនៃគម្រោង ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលកំពុង ស្ថិតក្រោមការពិចារណា រួមមាន៖ គម្រោងផ្លូវរថភ្លើងលើអាកាស ដឹកអ្នកដំណើរធុនស្រាល (Monorail) ពីរាជធានី ភ្នំពេញ ទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ គម្រោងរថភ្លើងក្រោមដី (Subway) និងគម្រោងនាពេលបច្ចុប្បន្ន និងនាពេលអនាគតផ្សេងៗ ទៀត។ 

លោកបន្តថា “គម្រោងនាពេលអនាគត ដែលអាចជាឱកាសវិនិយោគ សម្រាប់គណៈប្រតិភូចិន ដែលបានគូសបញ្ជាក់ ដូចជាគម្រោងការអភិវឌ្ឍទីក្រុង ទីក្រុងវៃឆ្លាត គម្រោងផ្លូវ ល្បឿនលឿន និងការតភ្ជាប់ផ្លូវផងដែរ” ។

លោក តូច ចាន់កុសល បានបន្ថែមថា ក្រសួងរីករាយ ស្វាគមន៍ និងសហការគាំទ្រដល់ការវិនិយោគឯកជន ក្នុងវិស័យសាធារណការ និងការដឹកជញ្ជូន ក្នុងលក្ខណៈជា ភាពជាដៃគូរដ្ឋ និងឯកជន ឬ វិនិយោគប្រភេទ BOT(កសាង ប្រតិបត្តិ ផ្ទេរ) ៕

ប្រភព : www.dap-news.com