Register Already an agent ? Login

ក្រុមហ៊ុនចិន កំពុងរៀបចំដាំដំណាំស្រូវ លើផ្ទៃដី ៣០០ហិកតា នៅខេត្តកំពង់ធំ

ភ្នំពេញ៖ ដោយមើលឃើញអំពី សក្ដានុពលលើវិស័យកសិកម្មនៅកម្ពុជា ក្រុមហ៊ុន Jiangsu Long An Agricultural Co., Ltd បាននឹងកំពុងរៀបចំដាំដំណាំស្រូវពូជ Japonica លើផ្ទៃដី ៣០០ហិកតា នៅខេត្តកំពង់ធំដោយរំពឹងថា នឹងទទួលផលបានជាង ៦,៥ តោនក្នុងហិកតា។ នេះបើយោងតាមបណ្ដាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុករបស់ ក្រសួងកសិកម្ម។

ថ្លែងនៅក្នុងជំនួបពិភាក្សា ការងារជាមួយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ លោកសាស្ត្រចារ្យ វិទ្យាសាស្រ្តស្រូវ HUANG Ming An បានគូសបញ្ជាក់ថា ក្រុមហ៊ុនបានចុះកិច្ចសន្យា ជាមួយកសិករ ដើម្បីសាកល្បងដាំដុះ ហើយបានប្រមូលទិញវិញ ក្នុងតម្លៃ ១០០០រៀលក្នុង១គីឡូ ដែលស្រូវទាំងនោះ បានលក់ចេញទៅ ប្រទេសវៀតណាម។ អនាគតក្រុមហ៊ុន គ្រោងវិនិយោគបង្កើត រោងម៉ាស៊ីនកិនស្រូវ ស្ថានីយពិសោធន៍ពូជ និងផលិតកម្ម ដោយផ្ទាល់។

ជាការឆ្លើយតប លោករដ្ឋមន្រ្តីបាននវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដែល ក្រុមហ៊ុនសម្រេចបាន ដោយសារសមិទ្ធផលនេះ ហើយបានធ្វើឲ្យទីផ្សារស្រូវ របស់កសិករកាន់តែបើកទូលាយ និងរក្សាបាននូវតម្លៃ។ ពាក់ព័ន្ធនឹងការពិសោធន៍ និងផលិតពូជ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ដើម្បីធានាបាននូវបរិមាណផ្គត់ផ្គង់ គុណភាព និងឆ្លើយតបតាម សេចក្តីត្រូវការទីផ្សារ ជាពិសេសស្របតាម យុទ្ធសាស្ត្រអភិវឌ្ឍន៍ ផលិតកម្មស្រូវ គឺត្រូវយកវិស័យឯកជន ធ្វើជាដៃគូសហការ ផលិតជាមួយរដ្ឋ៕

ប្រភព : www.dap-news.com