Register Already an agent ? Login

ក្រុមមន្រ្តីជាន់ខ្ពស់ របស់កម្ពុជា នឹងចាត់វិធានការជាបន្ទាន់ ដោះស្រាយបញ្ហាទឹកកខ្វក់ នៅព្រះសីហនុ

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំអន្តរក្រសួង ស្តីពី បញ្ហាប្រឈមទឹកកខ្វក់នៅព្រះសីហនុ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងឧបនាយករដ្ឋមន្រ្តី និងទេសរដ្ឋមន្រ្តីមកពីបណ្តា ក្រសួងពាក់ព័ន្ធផ្សេងៗទៀត បានឯកភាពគ្នា ចាត់វិធានការជាបន្ទាន់មួយ ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងដោះស្រាយបញ្ហាទឹកកខ្វក់ នៅខេត្តដែលជាតំបន់សេដ្ឋកិច្ចរបស់ជាតិ ដោយចាប់ផ្តើមធ្វើទំនើបកម្មស្ថានីយ៍ ប្រព្រឹត្តកម្មទឹកកខ្វក់ មានស្រាប់ឲ្យមានសមត្ថភាព ដោយក្នុងមួយថ្ងៃៗធ្វើយ៉ាងណា ផលិតឲ្យបានរហូតទៅដល់ ៣០០០០ម៉ែត្រគីប។

បើតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា ព្រះសីហនុមានសន្ទុះអភិវឌ្ឍន៍លឿន ដោយមានកំណើនសកម្មភាពសេដ្ឋកិច្ច គួរឲ្យកត់សម្គាល់ ជាពិសេសកំណើនក្នុងវិស័យឧស្សាហកម្ម និងទេសចរណ៍។ ក្រៅពីមានកំណើនបែបនេះ កាកសំណល់រឹង-រាវ ក៏មានសន្ទុះកើនឡើងផងដែរ។ 

ដោយឡែក ហេដ្ឋារចនាសម្ព័ន្ធដែលមាន ស្រាប់មិនអាចទ្រទ្រង់បានគួបផ្សំនឹងមានកំណើនទឹកកខ្វក់យ៉ាងគំហុក ហើយផ្ទៃរងទឹកភ្លៀងរួមតូច និងទឹកកខ្វក់មួយភាគ បានហូរតាមអូរធម្មជាតិ ចាក់ទៅសមុទ្រដែល បណ្ដាលឲ្យប៉ះពាល់ដល់បរិស្ថាន និងតំបន់ឆ្នេរសមុទ្រ។

ក្នុងកិច្ចប្រជុំអន្តរក្រសួងស្តីពី បញ្ហាប្រឈម និងដំណោះស្រាយបញ្ហាទឹកកខ្វក់ នៅព្រះសីហនុ នាពេលថ្មីនេះ លោកអូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងថា ដើម្បីថែរក្សាឆ្នេរសមុទ្រព្រះសីហនុ ឲ្យនៅល្អស្អាតដូចដើម ត្រូវដាក់ចេញនូវកញ្ចប់វិធានការ គ្រប់ជ្រុងជ្រាយដែលអាចធានា បាននូវការអភិវឌ្ឍន៍ព្រះសីហនុ ប្រកបដោយចីរភាព ក៏ដូចជា ធានាការបែងចែកធនធានថវិកាជាតិ ប្រកបដោយប្រសិទ្ធភាព។ 

លោកបន្តថា “ក្នុងនោះ អង្គប្រជុំបានឯកភាពជាគោលការណ៍ ឲ្យចាត់វិធានការបន្ទាន់ រៀបចំហេដ្ឋារចនាសម្ព័ន្ធ ដោះស្រាយបញ្ហាទឹកកខ្វក់ នៅក្រុងព្រះសីហនុ ដោយធ្វើទំនើបកម្មស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ដែលមានស្រាប់ឲ្យមានសមត្ថភាពច្រោះ ទឹកកខ្វក់ បានដល់ ៣០០០០ម៉ែត្រគីបក្នុងមួយថ្ងៃ ។ សាងសង់ស្ថានីយ៍បូមទឹក កខ្វក់បន្ថែមទៀត រៀបចំប្រព័ន្ធលូ បំពាក់ឧបករណ៍ និងសម្ភារៈ ។

ជាងនេះទៅទៀត រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានបន្ថែមថា ក្នុងការរៀបចំនេះ ក៏ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ខាងមុខ នៅក្រុងព្រះសីហនុផងដែរ ។

សូមរំលឹកថា កិច្ចប្រជុំអន្តរក្រសួង ស្តីពីបញ្ហាប្រឈមទឹកកខ្វក់នេះ ដឹកនាំដោយលោក អូន ព័ន្ធមុនីរ័ត្ន ក្រោមវត្តមានលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង , លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន , លោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន , លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ , លោក សុខ ចិន្ដាសោភា រដ្ឋមន្ដ្រី ប្រតិភូអមនាយករដ្ឋមន្ដ្រី និងលោក យន្ដ មីន អភិបាលខេត្តព្រះសីហនុ៕

ប្រភព : www.dap-news.com