ភ្នំពេញ៖ដោយពិនិត្យឃើញមន្រ្តីរាជការ កម្មករនិយោជិត ទាំងងអស់ត្រូវបានអនុញ្ញាត ឲ្យឈប់សម្រាកជាច្រើនថ្ងៃក្នុងឳកាស បុណ្យជាតិនានាក្នុងខែឧសភា រួមទាំងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ដែលជាថ្ងៃផុតកំណត់ដាក់លិខិត ប្រកាសនិងបង់ប្រាក់ពន្ធប្រចាំខែមេសា ឆ្នាំ២០១៩ អគ្គនាយកពន្ធដារ សម្រេចពន្យាថ្ងៃបរិច្ឆេទ កំណត់ដាក់លិខិត ប្រកាសនិងបង់ពន្ធ ប្រចាំខែមេសា ឆ្នាំ២0១៩រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ដើម្បីឲ្យអ្នកជាប់ពន្ធមានពេល វេលាគ្រប់គ្រាន់ សម្រាប់ធ្វើការរៀបចំលិខិតប្រកាសនិងប្រាក់ពន្ធ ប្រចាំខែមេសា ឆ្នាំ២០១៩នេះ ។
នេះបើយោងតាមសេចក្ដី ជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអគ្គនាយកដ្ឋានពន្ធដារ ស្ដីពីការពន្យារពេលដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធប្រចាំខែមេសា ឆ្នាំ២០១៩និងពន្យារពេលភ្ជាប់របាយការណ៍ ឥណទានអាករលើតម្លៃបន្ថែម នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩។
សេចក្ដីជូនដំណឹងបន្តថា ទន្ទឹមនេះដែរ ចំពោះការប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់ការស្នើសុំបង្វិលសង និងការប្រើប្រាស់ឥណទានអាករលើតម្លៃបន្ថែម អគ្គនាយកពន្ធដារបានសង្កេតឃើញថា នៅមានសហគ្រាសជាអ្នកស្នើសុំ បង្វិលសងនិងប្រើប្រាស់ឥណទានអាករលើតម្លៃ បន្ថែមមួយចំនួនធំ ពុំទាន់បានធ្វើបច្ចុប្បន្នភាព ព័ត៌មានសហគ្រាស ជាពិសេសពុំបានផ្ដល់លេខទូរស័ព្ទ ទំនាក់ទំនងឲ្យបានត្រឹមត្រូវនៅឡើយ និងកំពុងស្នើសុំការសម្របសម្រួល ពីក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានពន្ធដារជាបន្តបន្ទាប់ ដើម្បីអាចប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម របស់អគ្គនាយកដ្ឋានពន្ធដារបាន។
សេចក្ដីជូនដំនឹងបានឲ្យដឹងទៀតថា ហេតុនេះ ទើបអគ្គនាយកដ្ឋានពន្ធដារសម្រេច ពន្យាកាលបរិច្ឆេទ នៃការតម្រូវឲ្យភ្ជាប់របាយការណ៍ឥណទាន អាករលើតម្លៃបន្ថែម មកជាមួយលិខិតប្រកាសអាករលើតម្លៃបន្ថែម រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០១៩ ដោយសហគ្រាសត្រូវអនុវត្តជាធម្មតា នូវការដាក់លិខិត ប្រកាសនិងបង់ប្រាក់ពន្ធ ប្រចាំខែរបស់ខ្លួន។
តាមសេចក្ដីជូនដំណឹងសង្កត់ធ្ងន់ថា ក្នុងអំឡុងពេលពន្យាការភ្ជាប់ របាយការណ៍ឥណទានអាករលើតម្លៃបន្ថែមនេះ អគ្គនាយកដ្ឋានពន្ធដារក៏បានធ្វើការអំពាវនាវ ដល់សហគ្រាសទាំងអស់ត្រូវរាស់រាន់ ធ្វើបច្ចុប្បន្នភាពព័ត៌មាន នានារបស់ខ្លួន ជាពិសេសត្រួវផ្ដល់លេខទូរស័ព្ទទំនាក់ទំនងឲ្យបានត្រឹមត្រូវ ដោយអនុវត្តតាមជម្រើសទាំង៣ ដូចមានក្នុងសេចក្ដីជូនដំណឹងលេខ ៨៤០៦ អពដ ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ស្ដីពីនីតិវធីនៃការស្នើសុំ ធ្វើបច្ចុប្បន្នភាពព័ត៌មាន សហគ្រាសដើម្បីប្រើប្រាស់ ប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម របស់អគ្គនាយកដ្ឋានពន្ធដារ៕
ប្រភព : www.dap-news.com