Register Already an agent ? Login

គណកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត គ្រោងរៀបចំការវាយតម្លៃ លើបេក្ខភាពទីក្រុងទេសចរណ៍ស្អាត អាស៊ានលើកទី២ ជា ៥ដំណាក់កាល

ភ្នំពេញ៖ ដើម្បីត្រៀមលក្ខណៈសម្បត្តិឱ្យបានរួចរាល់ និងឈានឆ្ពោះទៅរកជ័យលាភី ក្នុងការប្រឡងប្រណាំង ទីក្រុងទេសចរណ៍ស្អាត អាស៊ានលើកទី២សម្រាប់ឆ្នាំ២០២០-២០២២ ដែលគ្រោងនឹងប្រកាសលទ្ធផល ក្នុងឱកាសវេទិកា ទេសចរណ៍អាស៊ាន (ATF) នៅប្រទេសប្រ៊ុយណេ ដារូសាឡឹម នាដើមខែមករា ក្នុងឆ្នាំ២០២០ គណកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត គ្រោងរៀបចំការវាយតម្លៃ ជា៥ដំណាក់កាល ។

សេចក្ដីប្រកាសព័ត៌មាន របស់គណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត ចុះនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ បានឲ្យដឹងថា យោងតាមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈលិខិតលេខ ១៤៧៥ សជណ.ផក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ គណៈកម្មាធិការជាតិ គ្រោងរៀបចំការវាយតម្លៃជា៥ដំណាក់កាល រួមមាន៖

ដំណាក់កាលទី១៖ នៅខែឧសភា-មិថុនា ឆ្នាំ២០១៩ ក្រុង-ខណ្ឌបេក្ខភាពនីមួយៗ ត្រូវធ្វើការវាយតម្លៃបឋម ដោយខ្លួនឯង (Pre-assessment/Self assessment) រួចរៀបចំរបាយការណ៍ និងឯកសារយោងឲ្យបានត្រឹមត្រូវ និងគ្រាប់គ្រាន់ រួមជាមួយលេខទំនាក់ទំនង ផ្ញើជូនមកគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត ឲ្យបានមុនថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។

ដំណាក់កាលទី២៖ ខែកក្កដា-សីហាឆ្នាំ២០១៩ ក្រុមការងារនៃគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត និងធ្វើការពិនិត្យនិងវាយតម្លៃ លើរបាយការណ៍ វាយតម្លៃបឋម របស់ទីក្រុង-ខណ្ឌបេក្ខភាព រួមជាមួយឯកសារយោងនានា និងអាចធ្វើទំនាក់ទំនងដោយផ្ទាល់ ទៅបេក្ខភាពដើម្បីសួរព័ត៍មានបន្ថែម។ 

ដំណាក់កាលទី៣៖ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមការងារនៃគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត និងរៀបចំចុះពិនិត្យ ដល់ទីតាំងក្រុង-ខណ្ឌបេក្ខភាពនីមួយៗ ដើម្បីឈានទៅរៀបចំ របាយការណ៍វាយ តម្លៃចុងក្រោយ ដាក់ជូនរាជរដ្ឋាភិបាល ពិនិត្យនិងសម្រេច។

ដំណាក់កាលទី៤៖ ខែតុលា គណៈកម្មាធិការជាតិវាយតម្លៃ ទីក្រុងស្អាតនិងស្នើបេក្ខភាព ជ័យលាភីទីក្រុងទេសចរណ៍ស្អាត របស់កម្ពុជា (សម្រាប់ឆ្នាំ២០២០-២០២២) ដាក់ជូនប្រទេសប្រ៊ុយណេ។

ដំណាក់កាលទី៥៖ ខែមករា ឆ្នាំ២០២០ ពិធីចែកជ័យលាភី ទីក្រុងទេសចរណ៍ស្អាត អាស៊ានលើកទី២ នាឱកាសវេទិការ ទេសចរណ៍អាស៊ាន (ATF) ឆ្នាំ២០២០ នៅប្រទេសប្រ៊ុយណេ។

សូមរំលឹកផងដែរថា បេក្ខភាពចលនាប្រឡង ប្រណាំងទីក្រុងស្អាត អាស៊ានលើកទី២ រួមមាន ក្រុងកំពត (ខេត្តកំពត), ខណ្ឌដូនពេញ (រាជធានីភ្នំពេញ), ក្រុងកំពង់ចាម (ខេត្តកំពង់ចាម), ក្រុងពោធិ៍សាត់ (ខេត្តពោធិ៍សាត់), ក្រុងតាខ្មៅ (ខេត្តកណ្តាល), និងក្រុងកំពង់ឆ្នាំង (ខេត្តកំពង់ឆ្នាំង) ៕

ប្រភព : www.dap-news.com