ព្រំដែនជ្រៃធំ ជាតំបន់ស្ថិតនៅភាគខាងត្បូង និងមានចម្ងាយ ៤៥គីឡូម៉ែត្រ ពីទីរួមខេត្តកណ្តាល នៅជាប់ដងទន្លេបាសាក់ ច្រកព្រំដែនអន្តរជាតិជ្រៃធំ-ឡុងប៊ិន បានកំពុងទាក់ចិត្តវិនិយោគគិនជាតិ និងអន្តរជាតិជាច្រើនឲ្យទៅវិនិយោគលើវិស័យអចលនទ្រព្យជាច្រើន ដូចជា ខុនដូ សណ្ឋាគារ កាស៊ីណូ ជាដើម។
លោក លឹម ចាន់សុភី ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំ ពិនិត្យនិងកែសម្រួលផែនការហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងប្លង់គោលប្រើប្រាស់ដី នៅក្នុងស្រុកកោះធំ កាលពីពេលថ្មីៗនេះថា ព្រំដែនជ្រៃធំ នឹងក្លាយ ជាទីក្រុងស៊ីវិល័យមួយក្នុងពេលឆាប់ៗនេះ។
លោកបន្តថា តំបន់ច្រកទ្វារអន្តរជាតិជ្រៃធំ-ឡុងប៊ិន នឹងផ្លាស់ប្តូរទៅជាទីប្រជុំជនហើយក៏ក្លាយទៅជាទីក្រុងផងដែរ ដោយផ្អែកទៅលើចក្ខុវិស័យវែងឆ្ងាយនឹងដោយសារតំបន់នេះជាតំបន់ដែលត្រូវអភិវឌ្ឍន៍ពីកំរិតខ្លីទៅកំរិតវែងនិងពីតូចទៅធំ។ ម្យ៉ាងវិញទៀត ថ្មីៗនេះ មានក្រុមហ៊ុនសំណង់ជាតិនិងអន្តរជាតិ កំពុងសម្រុក ទៅអភិវឌ្ឍនៅតំបន់នោះយ៉ាងគគ្រឹកគគ្រេងផងដែរ។
តែយ៉ាងណា អាជ្ញាធរ ត្រូវទប់ស្កាត់សំណង់ លំនៅដ្ឋានខុសច្បាប់ មិនគោរពតាមប្លង់គោល ឬមិនសុំច្បាប់ និងខុសបច្ចេកទេស ខុសប្លង់អនុញ្ញាតជាផ្លូវការ និងសង់មុនសុំច្បាប់ ជាដើម និងត្រូវទប់ស្កាត់ទំនាស់ដីធ្លីក្នុងសង្គម ពុះដីឡូត៍ និងប្តូរប្រភេទដីអនាធិបតេយ្យ ការកាន់កាប់និងទិញលក់ជាន់គ្នា ពិ សេសការកាន់កាប់ដីសាធារណៈរបស់រដ្ឋដោយខុសច្បាប់។នេះបើតាមការបញ្ជាក់របស់លោកលឹម ចាន់សុភី។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តកណ្តាល ធ្លាប់បានលើកឡើងថា ព្រំដែនជ្រៃធំ-ឡុងប៊ិន មានការអភិវឌ្ឍន៍ខ្លាំង ដោយផ្អែកលើកត្តាជាច្រើនដូចជា៖
- ការដំឡើងច្រកទ្វាជ្រៃធំ-ឡុងប៊ិន ទៅជាច្រកទ្វាអន្តរជាតិ
- ការបោះបង្គោលព្រំដែន
-ការដាក់បង្គោលភ្លើងបំភ្លឺតាមផ្លូវ ផ្សេងៗ
- ការរៀបចំប្លង់គោល ប្រើប្រាស់ដីទីប្រជុំជនជ្រៃធំ ដើម្បីទាក់ទាញអ្នកវិនិយោគ។
ប្រភព : Bee