Register Already an agent ? Login

ក្រុមហ៊ុនចិន រៀបចំដី ជាង២ពាន់ហិចតា ធ្វើការដាំដុះ និងវេចខ្ចប់អង្ករ ស្វាយ ស្វាយចន្ទីនៅកំពង់ធំ

ភ្នំពេញ ៖ លោក He Jianping ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ជីប៊ីអាយ អិនធើណេសិនណល អិនវេសមិន ឯ.ក បានថ្លែងថា ក្រុមហ៊ុនរបស់លោក បានរៀបចំដីជាង២ពាន់ហិចតា នៅខេត្តកំពង់ធំសម្រាប់ធ្វើការដាំដុះ កែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្ម ដូចជាអង្ករ ស្វាយ ស្វាយចន្ទីជាដើម ។ នេះបើយោងតាមហ្វេសប៊ុកក្រសួងកសិកម្ម ។

ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០១៩នេះលោក He Jianping បានឲ្យដឹងថា ជំនួបនេះគឺផ្តោត សំខាន់ទៅលើបំណង និងផែនការវិនិយោគរបស់ក្រុមហ៊ុនក្នុងការកែច្នៃ វេចខ្ចប់ ពិសេសការបំពេញខ្សែច្រវាក់ផលិតកម្មកសិកម្មពីចំណុចផ្តើម រហូតដល់ការនាំចេញតែម្តង ហើយអ្វីដែលសំខាន់នោះ ការធ្វើពាណិជ្ជកម្ម និងទីផ្សារកសិផលគឺតាមរយៈប្រព័ន្ធអ៊ីនធឺណេតដែលអាចកាត់បន្ថយពេលវេលា ការចំណាយ និងបង្កើនភាពទូលំទូលាយ ជូនគ្រប់ភាគីពាក់ព័ន្ធ។

លោកបន្តថា”ដើម្បីឱ្យផែនការវិនិយោគរបស់ក្រុមហ៊ុនទទួលបានជោគជ័យ ក្រុមហ៊ុនបានរៀបចំដីជាង២ពាន់ហត នៅខេត្តកំពង់ធំសម្រាប់ ធ្វើការដាំដុះ កែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្ម ដូចជាអង្ករ ស្វាយ ស្វាយចន្ទីជាដើម ហើយគម្រោងនេះក៏ទទួលបានការសហការគាំទ្រពីក្រសួងកសិកម្ម និងកិច្ចការជនបទនៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ”។ 

ក្នុងឱកាសនោះដែរលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏បានលើកឡើងផងដែរថា ពាក់ព័ន្ធនឹងវិស័យកសិកម្ម ភាគីចិនក៏បាននិងបន្តផ្តល់ កិច្ចសហប្រតិបត្តិការ យ៉ាងល្អប្រសើរជាមួយភាគីកម្ពុជា ដោយភាគីចិនបានឯកភាពបង្កើនកូតា នាំចូលអង្ករកម្ពុជា រហូតដល់៤០០ពាន់តោន និងថ្មីៗនេះ បានអនុញ្ញាតឱ្យចេកអំបូងលឿង កម្ពុជាធ្វើការនាំចេញឆ្ពោះត្រង់ទៅកាន់ទីផ្សារចិន ហើយសង្ឃឹមថាផលិតផល កសិកម្មមួយចំនួនទៀតដូចជាស្វាយ ផ្លែមៀន ម្រេច ផ្លែស្រកានាគ ផ្លែដូងនិងទឹកមាត់ ត្រចៀកកាំ ដែលភាគីទាំងពីរកំពុងធ្វើការចរចាអំពីលក្ខខណ្ឌតម្រូវស្តីពីអនាម័យ និងភូតគាមអនាម័យ នឹងអាចធ្វើការនាំចេញ ក្នុងពេលឆាប់ៗខាងមុខនេះ។

លោកបន្ថែមថា ទន្ទឹមនឹងនេះ ចំនួននៃការវិនិយោគពីក្រុមហ៊ុនចិនមកលើវិស័យកសិកម្មនៅកម្ពុជាក៏បាននិងកំពុងមានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរដូច្នេះ សូមគាំទ្រ និងស្វាគមន៍ចំពោះបំណង និងផែនការវិនិយោគរបស់ក្រុមហ៊ុនមកលើវិស័យនេះ ដោយត្រូវសំដៅលើការកែច្នៃ វេចខ្ចប់វត្ថុធាតុដើមដើម្បីផ្គត់ផ្គង់ ទីផ្សារក្នុងស្រុក និងនាំចេញផងដែរ ៕

ប្រភព : www.dap-news.com