ប៉េកាំង៖ ប្រធានាធិបតីចិនគឺលោកស៊ី ជីនពីង កាលពីថ្ងៃអង្គារ បានចូលគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គយាងមកចូលរួមអង្គសន្និសីទពិគ្រោះយល់អំពីអារ្យធម៌អាស៊ី (CDAC) ។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ បានឱ្យដឹងថា ដោយបានកត់សម្គាល់ថា ប្រទេសចិនជាមហាមិត្តពិសេសរបស់ខ្លួនជាមួយ រាជវង្សានុវង្សកម្ពុជា លោកស៊ី បានមានប្រសាសន៍ថា ប្រទេសចិននឹងបន្តគាំទ្រកម្ពុជា ក្នុងការស្វែងរកផ្លូវអភិវឌ្ឍន៍ដែលសមស្របទៅ នឹងលក្ខខណ្ឌជាតិរបស់ខ្លួន និងធ្វើការជាមួយកម្ពុជា ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្រ្ត ដ៏ទូលំទូលាយ នៃកិច្ចសហប្រតិបត្តិការរបស់ខ្លួន ដល់កម្រិតថ្មី។
លោកស៊ី បន្តថាភាគីទាំងពីរគួរអនុវត្តផែនការសកម្មភាព ដើម្បីកសាងសហគមន៍ដែលជាអនាគតរួម សម្រាប់ប្រទេសចិននិងកម្ពុជា ដើម្បីផ្តល់អត្ថប្រយោជន៍ ដល់ប្រជាជនទាំងពីរ។
ប្រធានាធិបតីចិនរូបនេះ បានកត់សម្គាល់ថា ប្រទេសចិននិងកម្ពុជា គួរធ្វើជាគំរូមួយ សម្រាប់ប្រទេសនានា ដើម្បីគោរពដល់ភាពចំរុះនៃវប្បធម៌របស់គ្នា ទៅវិញទៅមក និងលើកកម្ពស់ការផ្លាស់ប្តូរ និងការរៀនសូត្រទៅវិញទៅមក រវាងអារ្យធម៌។
ព្រះមហាក្សត្រកម្ពុជា ព្រះបាទ នរោត្តម សីហមុនី បានមានព្រះរាជ្យបន្ទូលថា ប្រជាជនកម្ពុជានឹងឈរយ៉ាងរឹងមាំជាមួយប្រជាជនចិន នៅគ្រប់កាលៈទេសៈទាំងអស់។
ព្រះអង្គក៏បានអបអរសាទរចំពោះសាធារណរដ្ឋប្រជាមានិតចិន ស្តីពីសមិទ្ធិផលដ៏ធំធេងដែលខ្លួនបានបង្កើតចាប់តាំងពីការបង្កើតកាលពី ៧០ឆ្នាំកន្លងមក ហើយកោតសរសើរចំពោះតួនាទីដ៏សំខាន់របស់ប្រទេសចិននៅក្នុងកិច្ចការអន្តរជាតិ និងគាំទ្រយ៉ាងពេញទំហឹងដល់ការកសាងរួមគ្នានៃគម្រោងផ្លូវ និងខ្សែក្រវាត់។
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថនរោត្តម សីហមុនី បានកត់សម្គាល់ថា CDAC ដែលស្នើឡើងដោយលោកប្រធានាធិបតី ស៊ី ជិនពីង នឹងដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងការយោគយល់គ្នាទៅវិញទៅមក រវាងប្រទេសដែលពាក់ព័ន្ធនានា៕
ប្រភព : ដើមអម្ពិល