Register Already an agent ? Login

កម្ពុជាស្នើក្រុមហ៊ុន CRCC របស់ចិន សិក្សាផ្លូវដែក បន្តពីក្រុងសិរីសោភណ្ឌ មកខេត្តសៀមរាប

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបាន ស្នើក្រុមហ៊ុន សាជីវកម្មសាងសង់ផ្លូវដែកចិន (CRCC) សិក្សាផ្លូវដែកបន្តពី ក្រុងសិរីសោភណ្ឌ មកខេត្តសៀមរាប ដែលមានប្រវែងសរុបប្រមាណ ១០០គីឡូម៉ែត្រ ។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក Wang Wenzhong អនុប្រធានក្រុមហ៊ុនសាជីវកម្មសាងសង់ ផ្លូវដែកចិន (CRCC) នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩លោកលោក ស៊ុន ចាន់ថុល បានឲ្យដឹងថា “ស្នើឲ្យក្រុមហ៊ុន CRCC សិក្សាផ្លូវដែកបន្តពីក្រុងសិរីសោភណ្ឌ មក ខេត្តសៀមរាប ដែលមានប្រវែងសរុបប្រមាណ ១០០គីឡូម៉ែត្រ ដោយហេតុថា មានទេសចរណ៍យ៉ាងច្រើន ចង់ធ្វើដំណើរតាមរថភ្លើង ពីទីក្រុងបាងកក ពីទីក្រុងកូឡាឡាំពួរ និងពីទីក្រុងសឹង្ហបុរី មកលេងប្រាសាទអង្គរវត្ត”។

ជាការឆ្លើយតបលោក Wang Wenzhong បានកត់សម្គាល់លើសំណើរបស់លោកទេសរដ្ឋមន្រ្តី និងបានស្នើឲ្យមានការពិភាក្សាលម្អិតបន្ថែមទៀតជាមួយក្រុមការងារ មន្ត្រីជំនាញពាក់ព័ន្ធរបស់ក្រសួង ក្នុងគោលបំណងឲ្យផ្លូវដែកភាគខាងជើង និងភាគខាងត្បូងរបស់កម្ពុជា អាចដំណើរការបានរលូនឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព កាត់បន្ថយការខូចខាតផ្លូវថ្នល់ និងកាត់បន្ថយតម្លៃដឹកជញ្ជូនទំនិញផងដែរ។ 

សូមជម្រាបជូនថា ក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវដែកចិន (CRCC) គឺជាសហគ្រាសសំណង់ គ្រប់គ្រងដោយរដ្ឋ ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ប្រទេសចិន និងជាក្រុមហ៊ុនសំណង់ និងវិស្វកម្មធំបំផុតទីពីរ នៅលើពិភពលោក។

ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុមហ៊ុន សាជីវកម្ម សាងសង់ផ្លូវដែកចិននេះធ្វើឡើង ដើម្បីសិក្សាគម្រោងធ្វើឲ្យប្រសើរឡើងនូវផ្លូវដែកកម្ពុជា ដែលមានស្រាប់ ភ្នំពេញ-ក្រុងព្រះសីហនុ និងភ្នំពេញ-ប៉ោយប៉ែត សិក្សាផ្លូវ រថភ្លើងលើអាកាសដឹកអ្នកដំណើរធុនស្រាល (Monorail) និងរថភ្លើងក្រោមដី (Subway) នៅរាជធានីភ្នំពេញ ហើយរាយការណ៍ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកំណត់សម្រេចជ្រើសរើសយកប្រព័ន្ធដឹកជញ្ជូនណាមួយ ដែលមាន ប្រសិទ្ធភាពបំផុតអាចកាត់បន្ថយការកកស្ទះចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ៕ 

ប្រភព : www.dap-news.com