ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចុះហត្ថលេខាលើកិច្ចសន្យាកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់គម្រោងធ្វើទំនើបកម្មលើប្រព័ន្ធបណ្តាញបញ្ជូននិងចែកចាយអគ្គសនី ក្នុងទឹកប្រាក់ចំនួន ២៩,១ លានអឺរ៉ូ ប្រមាណ៣២,៦លានដុល្លារ។
បើយោងតាមការចុះផ្សាយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា ក្នុងចំណោមឥណទានសម្បទានចំនួន២៥ លានអឺរ៉ូ ប្រមាណ២៨លានដុល្លារ ពីភ្នាកងារបារាំងសម្រាប់ការអភិវឌ្ឍន៍(AFD) និងហិរញ្ញប្បទានឥតសំណងចំនួន៤,១ លានអឺរ៉ូ ប្រមាណ៤,៦ លានដុល្លារពីពីសហគមន៍អឺរ៉ុប (EU) សម្រាប់គម្រោងធ្វើទំនើបកម្មលើប្រព័ន្ធបណ្តាញបញ្ជូននិងចែកចាយអគ្គសនី ។
គម្រោងនេះមានទិសដៅក្នុងការពង្រីក និងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងអគ្គិសនីឱ្យមានការវិវត្តន៍ទៅរកប្រព័ន្ធឆ្លាតវៃ (Smart Grid) ដែលអាចសម្រួលយ៉ាងច្រើនក្នុងការគ្រប់គ្រងប្រព័ន្ធបណ្តាញអគ្គិសនីទាំងមូល ក៏ដូចជាបង្កើនប្រសិទ្ធភាព និងនិរន្តរភាពក្នុងការផ្គត់ផ្គងថាមពលអគ្គិសនីនៅកម្ពុជា។
គួរជម្រាបផងដែរថា ពិធីចុះហត្ថលេខាខាងលើនេះធ្វើឡើងរវាង ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Remi Riou នាយកគ្រប់គ្រងទូទៅនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍(AFD) ក្នុងកិច្ចប្រជុំជាន់ខ្ពស់ ស្តីពី “ចីរភាពបំណុល សម្រាប់ចីរភាពកំណើន: ចីរភាពហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍន៍ (Sustainable Debt for Sustainable Growth: Sound Financing for Development) នៅទីក្រុងប៉ារីស, ប្រទេសបារាំង នាល្ងាចថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០១៩ ។
ប្រភព : BEE