ក្រុមហ៊ុន B.I.C Group បោះទុន២០០លានដុល្លារ សាងសង់អគារមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ និងលំនៅឋានដ៏ទំនើបទាន់សម័យ នៅតំបន់បឹងស្នោរ ក្បែរផ្លូវជាតិលេខ១ ក្នុងរាជធានីភ្នំពេញ នាពេលដ៏ខ្លីឆាប់ៗខាងមុខនេះ។ នេះបើយោងតាមភ្នាក់ងារសារពត៌មានជាតិ។
អគារពាណិជ្ជកម្មចម្រុះខាងលើនេះ មានឈ្មោះថា One Central Tower សាងសង់ឡើងនៅលើផ្ទៃដី ២៤.០០០ម៉ែត្រការ៉េ ដោយមានកម្ពស់ចំនួន ៣៨ជាន់ ក្នុងទំហំទឹកប្រាក់វិនិយោគ ២០០លានដុល្លារសហរដ្ឋអាមេរិក ត្រូវបានចាប់ផ្តើមសម្ពោធបុកគ្រឹះ និងធ្វើការសាងសង់ហើយ នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩។
សម្រាប់ការសាងសង់ One Central Tower ដែលមានរយៈពេល ២ឆ្នាំកន្លះនេះ គឺជាជំហានដំបូងនៃការអភិវឌ្ឍជាច្រើន ដើម្បីអភិវឌ្ឍន៍តំបន់បឹងស្នោរ ឱ្យទៅជាតំបន់សេដ្ឋកិច្ចលូតលាស់ថ្មីមួយទៀតដែលផ្តល់នូវការរស់នៅការងារ និងការកម្សាន្ត ដ៏ទំនើបសម្បូរបែបលំដាប់ពិភពលោក។
គួរជម្រាបផងដែរថា One Central គឺជាការរួមបញ្ចូលគ្នានូវការិយាល័យពាណិជ្ជកម្ម មជ្ឈមណ្ឌលផ្សារទំនើប មន្ទីរពេទ្យ អគារស្នាក់នៅ និងជាតំបន់ធម្មជាតិបៃតង ផងដែរ។ ជាមួយគ្នានេះ One Central Tower មានចំនួន ៥អគារ ដែលក្នុងនោះ អគារចំនួន៤ នឹងដើរតួជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ រួមមានអគារការិយាល័យ ផ្សារទំនើប មន្ទីរពេទ្យទំនើប ភោជនីយដ្ឋានជាដើម ហើយអគារចំនួន១ទៀត ជាប្រភេទលំនៅដ្ឋានសហកម្មសិទ្ធិដ៏ទាន់សម័យ ៕
ប្រភព : BEE