កាលពីពេលថ្មីៗនេះ ស្ថាប័នផ្សព្វផ្សាយទេសចរណ៍អន្តរជាតិរបស់អាល្លឺម៉ង់មួយមានឈ្មោះថា You Discover បានជ្រើសរើសយក ក្រុងសៀមរាប ជាគោលដៅទេសចរណ៍លេខ១ សម្រាប់ឆ្នាំ ២០១៩នេះ ក្នុងចំណោមបណ្តាទីក្រុងទាំង ៩៣ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។
យោងតាមសេចក្តីប្រកាសរបស់ ក្រសួងទេសចរណ៍ បានឲ្យដឹងថា មិនត្រឹមតែប៉ុណ្ណោះ រាជធានីភ្នំពេញនិងក្រុងបាត់ដំបងក៏ជាប់នៅក្នុងចំណោមគោលដៅទេសចរណ៍ទាំង ១៥ ផងដែរ ដោយរាជធានីភ្នំពេញ ឈរនៅលំដាប់លេខ ៤ ខណៈក្រុងបាត់ដំបង ឈរនៅលំដាប់លេខ ១៣ ។
លើសពីនេះទៅទៀត ក្រុងសៀមរាប ឈរលើកំពូលតារាងដោយទទួលបាន ១០ពិន្ទុពេញ ខណៈដែលទីក្រុងបាងកកឈរលេខ ២ និងទីក្រុងសិង្ហបុរីឈរលេខ ៣ ហើយរាជធានីភ្នំពេញឈរនៅលំដាប់ទី៤ មានពិន្ទុ ៩,៧ ។
ស្ថាប័នផ្សព្វផ្សាយទេសចរណ៍ពិភពលោករបស់អាល្លឺម៉ង់ You Discover បានបង្ហាញពីសក្តានុពលនៃខេត្តសៀមរាប ដែលមាន ប្រាសាទបុរាណជាច្រើន ជាពិសេសគឺប្រាសាទអង្គរវត្ត ដែលជា អត្តសញ្ញាណជាតិខ្មែរ គួបផ្សំនឹងតំបន់កម្សាន្តជាច្រើនទៀត ដែលបង្កើតបានជាបរិយាកាសដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍បរទេស។
ប្រភព : Bee