Register Already an agent ? Login

សៀមរាប នឹងមានកន្លែងចិញ្ចឹមត្រីទឹកសាប-ទឹកប្រៃ និងជម្រកអភិរក្សសត្វតម្លៃ៧០លានដុល្លារ លើផ្ទៃដី១០០ហិកតា

ក្រុមហ៊ុន អង្គរ វ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម (Angkor Wildlife and Aquarium) និងវិនិយោគិនជប៉ុនក្រោមកិច្ចសហការជាមួយ ICM Inc. (International Concept Management Inc.) ពី សហរដ្ឋអាមេរិក បានបោះទុនទឹកប្រាក់ប្រមាណ ៧០លានដុល្លារអាមេរិក បង្កើតកន្លែងចិញ្ចឹមត្រីទឹកសាប-ទឹកប្រៃ និងជម្រកអភិរក្សសត្វ លើផ្ទៃដីប្រមាណ១០០ហិកតា នៅសៀមរាប។ នេះបើតាមការចុះផ្សាយរបស់ AKP។

ចំពោះទំហំវិនិយោគសរុបសម្រាប់គម្រោងនេះមាន៣ដំណាក់កាល ដោយការចំណាយក្នុងដំណាក់កាលដំបូងស្មើនឹង ១៨លានដុល្លារ។ ការសាងសង់ក្នុងដំណាក់កាលទី១ នឹងប្រើពេល២ឆ្នាំ ដោយមានការបើកការដ្ឋាននៅក្នុងខែឧសភា ឆ្នាំ២០១៩ និងបញ្ចប់ត្រឹមខែឧសភា ឆ្នាំ២០២១។

គម្រោងជលវប្បដ្ឋានត្រីទឹកសាប ទឹកប្រៃ និងជម្រកអភិរក្សសត្វនេះ នឹងក្លាយជាគោលដៅលំដាប់ពិភពលោក។ សម្រាប់គោលដៅរបស់គម្រោងនេះ គឺធានាថា វានឹងក្លាយជាគោលដៅទាក់ទាញបំផុតទី២ បន្ទាប់ពីអង្គរវត្ត។ នេះបើតាមការលើកឡើងរបស់ លោក Roger R. Reynolds សមាជិកក្រុមប្រឹក្សាភិបាល និងប្រធានក្រុមហ៊ុន អង្គរ វ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម។

លោក Roger R. Reynolds បានបន្ថែមថា គម្រោងនេះ គឺមានច្រើនលើសពីត្រឹមជាជលវប្បដ្ឋាន ឬឧទ្យានសត្វទៅទៀត។ ជាមួយគ្នានេះ ក្រុមលោកនឹងកសាងជម្រកធម្មជាតិប្រកបដោយគុណភាពខ្ពស់សម្រាប់ថែរក្សាសត្វព្រៃរស់នៅលើគោក ក្នុងតំបន់អាស៊ី មិនថាពួកវាជាពូជសង្រ្គោះ ឬបង្ខាំងទុកនោះទេ។ គម្រោងនេះ នឹងមានសួនរុក្ខសាស្រ្ត សាលតាំងពិព័រណ៍ ជម្រកល្មូន និងគំរូភូមិនេសាទខ្មែរដែលភ្ញៀវអាចដើរកម្សាន្ដ ទិញទំនិញ ឬរីករាយទទួលទានម្ហូបអាហារ និងភេសជ្ជៈក្នុងស្រុកមួយចំនួន។

ប្រភព : Bee