ក្នុងជំនួបពិភាក្សាការងារជាមួយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃសៅរ៍ ទី២៧នេះ នៅទីក្រុងប៉េកាំង ប្រធានក្រុមហ៊ុនចិន Beijing Fushide Investment Management Ltd and East Consulting Management Ltd បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោក កំពុងមានបំណងចង់វិនិយោគលើវិស័យដាំដើមឈើនៅកម្ពុជា ដើម្បីនាំចេញទៅកាន់ប្រទេសចិន។
ជាមួយនឹងបំណងចង់វិនិយោគលើវិស័យដាំដើមឈើ នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនខាងលើនេះ ក៏មានការចាប់អារម្មណ៍លើការដាំកៅស៊ូផងដែរ ដោយក្រុមហ៊ុនចង់ធ្វើការកែច្នៃកៅស៊ូចេញជាសំបករថយន្តសម្រាប់នាំចេញ នាពេលអនាគត។
ជាការឆ្លើយតប លោករដ្ឋមន្ត្រី បានលើកឡើងថា ករណីក្រុមហ៊ុនចង់វិនិយោគលើការដាំឈើនេះ គឺក្រុមហ៊ុនត្រូវសហការជាមួយក្រុមហ៊ុនចិនដែលមានដីស្រាប់ ដើម្បីសហការដាំដុះ ព្រោះបច្ចុប្បន្ននេះ កម្ពុជាយើងមិនមានការផ្តល់ដីសម្បទានសេដ្ឋកិច្ចទៀតទេ។ មួយវិញទៀត ក្រុមហ៊ុនក៏អាចសហការជាមួយក្រុមហ៊ុនក្នុងស្រុកដើម្បីសហការក្នុងការដាំ និងប្រមូលទិញដើមអាកាស្យាផងដែរ សម្រាប់ធ្វើការកែច្នៃ។
ចំណែកឯ គម្រោងចង់វិនិយោគលើការដាំកៅស៊ូរបស់ក្រុមហ៊ុនវិញ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា សព្វថ្ងៃនេះ ផ្ទៃដីដាំកៅស៊ូនៅកម្ពុជា មានប្រមាណ ៤៥ម៉ឺន ហ/ត តែតម្លៃកៅស៊ូបច្ចុប្បន្នមានតម្លៃទាប និងមានបញ្ហាច្រើន ដូច្នេះសូមឱ្យក្រុមហ៊ុនទៅទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យពីលទ្ធភាពវិនិយោគ។
ប្រភព : Bee