ក្រុមហ៊ុនវិនិយោគអគ្គិសនីដ៏ធំមួយរបស់ចិនគ្រោងនឹងវិនិយោគបង្កើតរោចក្រអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអនុភាព២០០មេហ្គាវ៉ាត់។ នេះបើយោងតាមលទ្ធផលនៃជំនួបរវាងក្រុមហ៊ុនខាងលើជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅឯប្រទេសចិន។
យោងតាមការបញ្ជាក់លើទំព័រហ្វ៊េសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី ២៨តំណាងក្រុមហ៊ុន China Huaneng Group ដែលកន្លងមកក្រុមហ៊ុននេះ បានវិនិយោគបង្កើតទំនប់វារីអគ្គិសនីសេសានក្រោម២ បានប្រាប់ឲ្យដឹងថា «ក្រុមហ៊ុនគ្រោងនឹងវិនិយោគអគ្គិសនីចំនួន ២០០ មេហ្គាវ៉ាត់ ដោយថាមពលពន្លឺព្រះអាទិត្យនាពេលខាងមុខនេះ»។
ការលើកឡើងនេះ គឺស្របតាមឆន្ទះរបស់រដ្ឋាភិបាលកម្ពុជាដែលបាននិងកំពុងជំរុញឲ្យមានការវិនិយោគទៅលើវិស័យនេះ និងជាពិសេស ការវិនិយោគទៅលើថាមពលដើរដោយពន្លឺព្រះអាទិត្យ និងខ្យល់ ដែលក្នុងនោះ អាកាសធាតុនៅកម្ពុជាគឺស័ក្កសមសម្រាប់ប្រភេទអគ្គិសនីទាំងពីរនេះ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែនបានបញ្ជក់ថា៖ «កម្ពុជាចង់បានគឺថាមពលស្អាត ថាមពលដែលគាំទ្រដល់បរិស្ថាន ជាពិសេស ថាមពលដើរដោយពន្លឺព្រះអាទិត្យដែលជាបច្ចេកវិទ្យាចុងក្រោយនេះ»៕
ប្រភព : Bee