នៅក្នុងជំនួបពិភាក្សា រវាង សម្តេចហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ជាមួយឯកឧត្តម ឆិន ហ្វិនជាន ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គលេខាធិការក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវរថភ្លើងរបស់ប្រទេសចិន នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៩នេះ បានឲ្យដឹងថាក្រុមហ៊ុនផ្លូវដែករបស់ចិនមួយច្បាស់លាស់ ដើម្បីនឹងទៅចាប់ដៃសហការជាមួយនឹងក្រុមហ៊ុនផ្លូវដែករបស់ប្រទេសកម្ពុជា គឺក្រុមហ៊ុន Royal Rialway របស់អ្នកឧកញ៉ាគិតម៉េង ។
នៅក្នុងជំនួបពិភាក្សាគ្នានេះ គឺបានពិភាក្សាដោយយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍផ្លូវដែកដែលប្រទេសកម្ពុជានឹងខាងភាគីចិនបានសហការគ្នាដោយមានបំណងចង់ឲ្យផ្លូវដែកនៅក្នុងប្រទេសកម្ពុជាមានការរីកចម្រើនទៅមុខជាលំដាប់។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឲ្យឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការដឹកនាំក្នុងការចរចាជាមួយភាគីចិនដើម្បីនាំយកនូវក្រុមហ៊ុនអភិវឌ្ឍន៏ផ្លូវដែករបស់ចិនទៅសហការជាមួយនឹងក្រុមហ៊ុន Royal Railway នៅក្នុងប្រទេសកម្ពុជាដើម្បីអោយការដឹកជញ្ជូនផ្លូវដែកកាន់តែមានប្រសិទ្ធភាព ។
ក្នុងឱកាសនេះ ឯកឧត្តម ឆិន ហ្វិនជាន ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គលេខាធិការក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវរថភ្លើងរបស់ប្រទេសចិនបានជម្រាបសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ក្រុមហ៊ុនរបស់លោកគឺជាក្រុមហ៊ុនធំដែលបានសាងសង់ផ្លូវដែកបាន ២ម៉ឺន១ពាន់ គីឡូម៉ែត្រហើយ ហើយក៏បានសាងសង់នៅក្នុងប្រទេសចិនផង និងក្រៅប្រទេសផង។
ឯកឧត្តមក៏បានជម្រាបជូនសម្ដេចតេជោបន្ថែមថា ការរកស៊ីផ្លូវដែកនេះមិនចំណេញនោះទេ ក៏ប៉ុន្តែអ្វីដែលគាត់មានបំណងសហការជាមួយនឹងក្រុមហ៊ុនក្នុងស្រុករបស់ប្រទេសកម្ពុជា គឺមានគោលបំណងជួយជាតិកម្ពុជា និងជាការសហការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។
ប្រភព : Bee