Register Already an agent ? Login

ង៉ែតជូ៖ អចលនទ្រព្យ៣ដែលសាកសមក្នុងការវិនិយោគបំផុតនៅពេលបច្ចុប្បន្ន

ជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងអ្នកជំនាញផ្នែកអចលទ្រព្យ លោក ង៉ែត ជូ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសបុគរបស់លោក បានបង្ហាញប្រាប់ពៅ“ជំរើសល្អ៣យ៉ាង” ក្នុងការវិនិយោគលើវិស័យអចលនទ្រព្យអោយត្រូវនឹងការវិវត្តិរបស់ទីផ្សារនាពេលបច្ចុប្បន្ន និងអាចទទួលបានផលចំណេញខ្ពស់។

ក្នុងនោះរួមមាន៖ 

១. ផ្ទះល្វែងសំរាប់សកម្មភាពពាណិជ្ជកម្ម (shop house)៖

លើកលែងតែអ្នកត្រូវការផ្ទះសំរាប់រស់នៅ ផ្ទះដែលអ្នកវិនិយោគគួរតែជាផ្ទះដែលអាចបំរើអោយសកម្មភាពពាណិជ្ជកម្មឬអាចជួលអោយអ្នកដទៃធ្វើពាណិជ្ជកម្មបាន។ ផ្ទះទាំងនោះ អាចជាផ្ទះល្វែងនៅផ្លូវធំ ឬផ្ទះទល់មុខផ្សារដែលជាទូទៅគេហៅថាshop house។ ភាគច្រើនអ្នកអាចទទួលបានលំហូរសាច់ប្រាក់ប្រចាំខែពីការជួល និងការកើនតម្លៃជារៀងរាល់ឆ្នាំ ហើយការកើនតម្លៃនេះមានអត្រាកំណើនខ្ពស់ជាងផ្ទះសំរាប់រស់នៅធម្មតា។ ម្យ៉ាងដើម្បីទិញបានតម្លៃទាបល្អ អ្នកគួរវិនិយោគពេលដែលគម្រោងទើបចាប់ផ្តើមដំបូងដែលជារឿយៗគេនិយមហៅថាទិញពេលបុកគ្រឹះ។  

២. ដីសំរាប់សកម្មភាពពាណិជ្ជកម្មនៅជាយក្រុង

ដីដែលអ្នកវិនិយោគគួរស្ថិតនៅជុំវិញក្រុង ត្រឹមចម្ងាយ៣០-៤០គមពីកណ្តាលក្រុង និងមានក្បាលដីជាប់ផ្លូវធំឬគម្រោងផ្លូវធំ (យ៉ាងតិចទំហំ៣០ម៉ែត្រ)។ ជាទូទៅដីប្រភេទនេះ បើបានក្បាលដីកាន់តែធំកាន់តែប្រសើរដូចជាចាប់ពីទំហំ៤០-៥០ម៉ែត្រឡើង ប៉ុន្តែជំរៅដីគួរតែត្រឹម៤០-៥០ម៉ែត្របានហើយ។ ដីប្រភេទនេះជាដីលំដាប់លេខ១ដោយហេតុថាមានតម្រូវការខ្ពស់ និងអាចបំពេញអោយតម្រូវការជាទីតាំងធ្វើពាណិជ្ជកម្មនាពេលអនាគតដូចជាភោជនីដ្ឋាន ហាងកាហ្វេ យានដ្ឋានជួសជុលរថយន្ត កន្លែងដាក់តាំងលក់ផលិតផល (showroom) ជាដើម។ ម្យ៉ាងនៅពេលតំបន់នោះមានការអភិវឌ្ឍខ្លាំងក៏អាចសាង់សង់ជាផ្ទះល្វែងបែប shop house ហើយលក់បានតម្លៃខ្ពស់ខ្លាំង ជាក់ស្តែងមួយរយៈពេលចុងក្រោយនេះ បុរីវ៉ារីណាបានសង់ផ្ទះប្រភេទ shop house នៅតំបន់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងលក់បានតម្លៃពីជាង២០ម៉ឺនទៅ៣០ម៉ឺនដុល្លាអាមេរិកក្នុង១ល្វែង។ ចំណុចគួរកត់សំគាល់ ទីតាំងដីប្រភេទនេះមិនត្រឹមតែមានតម្រូវការខ្ពស់នោះទេ ផ្ទុយទៅវិញមានការផ្គត់ផ្គង់ទាបបំផុតបើប្រៀបធៀបទីតាំងសំរាប់ការសាងសង់ជាលំនៅដ្ឋាន។ ម្យ៉ាងទីតាំងសំរាប់សាងសង់លំនៅដ្ឋានអាចសាងសង់ទៅលើច្រើនជាន់បានដែលខុសពីទីតាំងសំរាប់ធ្វើពាណិជ្ជកម្ម។ 

៣. ដីសំរាប់អភិវឌ្ឍន៍លំនៅដ្ឋាននៅជាយក្រុង៖

ដីដែលអ្នកវិនិយោគគួរស្ថិតនៅមិនឆ្ងាយពីក្រុងភ្នំពេញដូចប្រភេទដីជម្រើសទី២ខាងលើដែរ។ ដីប្រភេទនេះជាដីសំរាប់ការអភិវឌ្ឍលំនៅដ្ឋាននាពេលអនាគត ដូច្នេះគួរជាប់ផ្លូវទំហំយ៉ាងតិច១០ម៉ែត្រ និងមានទំហំយ៉ាងតិចចាប់ពី២-៣ហិកតាឡើង។ ប្រសិនបើទំហំតូចជាងនេះ នោះនឹងមានការលំបាកក្នុងការអភិវឌ្ឍជាលំនៅដ្ឋាន រីឯទីផ្សារពុះដីឡូតិ៍នឹងត្រូវបាត់បង់នាពេលអនាគត។ ដូច្នេះហើយ ប្រសិនបើអ្នកខ្វះទុនវិនិយោគ អ្នកគួរចេះសហការជាមួយមិត្តភក្តិ និងអ្នដទៃ។

ប្រភព : Bee