Register Already an agent ? Login

វិនិយោគលើដីធ្លីចន្លោះពី ២០ទៅ៣០ គីឡូម៉ែត្រ ពីក្រុងភ្នំពេញ នៅតែមានឪកាសចំណេញច្រើន

ភ្នំពេញ៖ ក្រុមអ្នកជំនាញអចលនទ្រព្យនៅតែអះអាងថា ការវិនិយោគទិញដីធ្លីនៅចម្ងាយចន្លោះពី២០ ទៅ៣០គីឡូម៉ែត្រជុំវិញក្រុងភ្នំពេញ នៅតែមានឳកាសចំណេញច្រើនដោយសារសក្តានុពលនៃតំបន់ទាំងនោះ។

នាយិការក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service អ្នកស្រី តាំង ហួរបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៩ សីហានេះថា ការវិនិយោគលើដីធ្លីនៅតែមានឳកាសចំណេញ ពិសេសតំបន់ជាយក្រុង ដែលមានគម្លាតពីក្រុងភ្នំពេញចន្លោះពី២០ទៅ៣០គីឡូម៉ែត្រ។ អ្នកនាងបន្តថា តំបន់ទាំងនោះសុទ្ឋតែមានសក្តានុពល ព្រោះ​សកម្មភាពអភិវឌ្ឍន៍កាន់តែរីកចម្រើន និងពង្រីកទៅដល់តំបន់នោះនាពេលអនាគត និងកំពុងរីកទៅដល់ហើយសម្រាប់ផ្នែកភាគច្រើននៃក្រុងភ្នំពេញ។

អ្នកស្រីបន្តថា “ដើម្បីទិញដីចំណេញលឿន កុំទិញដីដែលស្ថិតនៅតាមផ្លូវតូចៗឬផ្លូវទាល់ ព្រោះវាមិនងាយឡើងថ្លៃ និងមិនទទួលការចាប់ះអារម្មណ៍ពីអ្នកវិនិយោគក្នុងស្រុក”។

ជាមួយគ្នានេះលោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអ​ចលនវត្ថុកម្ពុជាធ្លាប់បានលើកឡើងស្រដៀងគ្នាថា តំបន់ជាយក្រុងភ្នំពេញ កំពុងមានការអភិវឌ្ឍន៍យ៉ាងលឿន និងនៅគ្រប់ទិស ហេតុនេះការវិនិយោគរយៈពេល៥ឆ្នាំគួរទិញដី​ចម្ងាយ២០គីឡូម៉ែត្រពីក្រុងភ្នំពេញ បើវិនិយោគសម្រាប់១០ឆ្នាំក្រោយ គួរទិញដីចន្លោះពី​៣០ទៅ៣៥គីឡូម៉ែត្រពីក្រុងភ្នំពេញ ដោយសារវាជាពេលវេលាសមស្រប ដែលសកម្ម​ភាពអភិវឌ្ឍន៍នឹងរីកចម្រើនទៅដល់តំបន់ខាងលើ់នេះ។

លោកបន្តថា “កំនើនតម្លៃដីធ្លីវាអាស្រ័យលើកត្តាជាច្រើន គឺសន្តិភាព ស្ថេរភាពនយោបាយត្រូវដើរមុន បន្ទាប់មកកត្តាសេដ្ឋកិច្ច ការកើនឡើងនូវប្រជាសាស្រ្ត ការវិនិយោ គហេដ្ឋារចនាសម្ព័​ន្ឋរបស់រដ្ឋាភិបាល និងកំនើននៃការវិនិយោគ ព្រមទាំងការចូលមកនៃលំហូរទុនវិ​និយោគផ្ទាល់ពីបរទេស”៕

ប្រភព : Property area