ភ្នំពេញ៖ គំរោងសាងសង់ស្ពានតភ្ជាប់តំបន់ក្តីតាកុយ ឆ្ពោះទៅអរិយក្សត្រក្នុងស្រុកល្វាឯម ខេត្តកណ្តាលកំពុងស្ថិតក្នុងជម្រើសពីររវាងការសាងសង់ដោយយកប្រាក់ និងមិនបង់ប្រាក់ដោយប្រើប្រាស់ជំនួយរបស់មហាមិត្តចិន។
អ្នកនាំពាក្យក្រសួងសាធារណៈការនិងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី២៧ សីហាកន្លងមកថា គំរោងសាងសង់ស្ពាននេះមានក្រុមហ៊ុនមួយមកពីប្រទេសចិនបានសិក្សាចប់រួចហើយ ដោយវាជាគម្រោងសាងសង់ បែប BOT ឬជាស្ពានប្រើប្រាស់សម្រាប់បង់ប្រាក់ពេលធ្វើដំណើរឆ្លងកាត់។លោកបន្តថា ទោះជាយ៉ាងណាគំរោងនេះបានស្ងប់ស្ងាត់ទៅវិញ ហើយរហូតមកទល់ពេលនេះមិនដឹងរដ្ឋាភិបាលសម្រេចបែបណានៅឡើយទេ។
លោកបន្តថា “រហូតមកទល់ពេលនេះ ខ្ញុំមិនទាន់ទទួលបានព៌តមានបច្ចុប្បន្នភាពថាគំរោងនេះនឹងវិវត្តន៍បែបណានៅឡើយទេ ហើយការសាងសង់ចាប់ផ្តើមពេលណាក៏មិនទាន់ច្បាស់លាស់នៅឡើយទេ”។
ទោះជាយ៉ាងណាលោកនូ វឌ្ឈនៈអគ្គនាយកនៃក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា តាមអ្វីដែលលោកដឹងគឺគម្រោងសាងសង់ស្ពាននេះបាននិងកំពុងសិក្សាដោយក្រុមហ៊ុនចិនហើយ និងអាចប្រើប្រាស់ថវិកាហិរញ្ញប្បទានពីប្រទេសចិន ដើម្បីសាងសង់ស្ពាននេះ ដែលមានប្រវែងប្រហែលនឹងប្រវែងស្ពានជ្រោយចង្វារសព្វថ្ងៃនេះ។
លោកបន្តថា “គំរោងនេះបើសិនជាប្រើប្រាស់ជំនួយរបស់ចិន មិនយូរទេវានឹងសាងសង់ហើយ ព្រោះគំរោងនេះត្រូវតែសាងសង់ ដើម្បីតភ្ជាប់ផ្លូវក្រវ៉ាត់ក្រុងឲ្យបានពេញលេញ”។ លោកបន្តថា “គំរោងនេះពិតប្រាកដនឹងសាងសង់ ហើយខ្ញុំរំពឹងថាការសាងសង់នឹងអាចចាប់ផ្តើមនៅពេលខាងមុខ”។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាធ្លាប់បានមានប្រសាសន៍ពីគម្រោងសាងសង់ស្ពាននេះនាពេលខាងមុខ ដើម្បីធ្វើឲ្យផែនការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣បានតភ្ជាប់ពេញលេញ និងសម្រួលការដឹកជញ្ជូននានា ដែលអាចវាងចេញពីក្រុងភ្នំពេញ។
ទោះជាយ៉ាងណាសម្តេច មិនប្រកាសពីកាលបរិច្ឆេទសាងសង់ស្ពាននេះនៅពេលណានៅឡើយទេ៕
ប្រភព : Property area