ភ្នំពេញ៖ ផ្លូវក្រវ៉ាត់ក្រុងទី៣នឹងសាងសង់នាពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីរដ្ឋាភិបាលចិន បានប្រកាសផ្តល់ហិរញ្ញប្បទានសម្បទាន ចំនួន២៥៩លានដុល្លារអាមេរិក ប៉ុន្តែផ្លូវដ៏សំខាន់នេះមានចំណុចគួរឲ្យចាប់អារម្មណ៍ជាច្រើន។
បើយោងតាមអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៨ សីហានេះថា ផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣នេះនឹងសាងសង់ចេញពីចំណុចតំបន់ទំនប់កប់ស្រូវ និងត្រូវសាងសង់ស្ពានអាកាសចំនួន៥ មុនពេលផ្លូវនេះមកបញ្ចប់នៅកំពង់ផែភ្នំពេញ ស្ថិតនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។លោកបន្តថា ស្ពានអាកាសចំនួន៥នឹងសាងសង់នៅលើគំរោងនេះ ដូចជាស្ពានអាកាសឆ្លងកាត់ផ្លូវជាតិលេខ៤ ផ្លូវលេខ៣ ផ្លូវជាតិលេខ២១ ផ្លូវជាតិលេខ២ និងផ្លូវលេខ១១០ និងមានស្ពានឆ្លងទន្លេវែងមួយទៀត ឆ្លងកាត់នៅតំបន់កោះអន្លង់ចិន មកកាន់ឃុំឈើទាល ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។
លោកបន្តថា “ការបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ នឹងចាប់ផ្តើមឆាប់ៗខាងមុខនេះហើយ”។លោកបន្តថា “វាជាផ្លូវដ៏សំខាន់មួយដើម្បីសម្រួលការដឹកជញ្ជូន វាងរាជធានីភ្នំពេញ និងរួមចំណែកលើកកំពស់ការកសាងសេដ្ឋកិច្ចសង្គម”។
ជាមួយគ្នានេះ រដ្ឋាភិបាលនឹងកសាងផ្លូវក្រវ៉ាត់ក្រុងទី៤ នាពេលខាងមុខផងដែរ ដែល PROPERTYAREA.ASIA នឹងបង្ហាញជូននូវគំរោងនេះនាពេលខាងមុខនេះ។
លោកវ៉ាស៊ីម សូរិយាបានបន្តឲ្យដឹងទៀតថា ជាមួយនឹងផែនការអភិវឌ្ឍន៍ប្រទេស រដ្ឋាភិបាលត្រូវវិនិយោគកាន់តែច្រើន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ឋ ព្រោះបើសិនជាចង់ជំរុញសេដ្ឋកិច្ចជាតិរីកចម្រើនបន្ថែមទៀត ត្រូវតែកសាងហេដ្ឋារចនាសម្ព័ន្ឋសមស្រប ដើម្បីបង្កើតតម្លៃបន្ថែម និងកាត់បន្ថយតម្លៃនៃការដឹកជញ្ជូននៅកម្ពុជា ព្រោះតម្លៃនៃការដឹកជញ្ជូនរបស់យើងមានតម្លៃថ្លៃ ធៀបនឹងបណ្តាប្រទេសដទៃជាសមាជិកសហគមន៍សេដ្ឋកិច្ចអាស៊ាន។
លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា ការកសាងហេដ្ឋារចនាសម្ព័ន្ឋត្រូវការរយៈពេលវែង មិនមែនធ្វើបានមួយខែឬមួយថ្ងៃទេ ហេតុនេះរដ្ឋាភិបាលគួរពន្លឿនការវិនិយោគក្នុងវិស័យនេះ ព្រោះវាជាវិស័យប្រឈមធំមួយក្នុងសេដ្ឋកិច្ចកម្ពុជា។
លោកបន្តថា “ទោះជាយ៉ាងណាខ្ញុំសង្កេតឃើញថា រដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់កសាងហេដ្ឋារចនាសម្ព័ន្ឋហើយ តែនៅក្នុងល្បឿនយឺតៗមួយ”។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាធ្លាប់បានប្រកាសជារឿយៗថា គោលនយោបាយរបស់សម្តេចដាក់ចេញតាំងពីទសវត្សរ៍៩០ រហូតមកទល់ពេលនេះនៅតែសមស្រប នឹងស្ថានភាពសេដ្ឋកិច្ចសង្គមកម្ពុជា នោះគឺការអភិវឌ្ឍទឹក ភ្លើង ផ្លូវ និងមនុស្ស៕
ប្រភព : Property area