ភ្នំពេញ : ទីក្រុងកោះពេជ្រនឹងរំលេចអាគារកប់ពពកមួយទៀត នៅពេលឆាប់ៗខាងមុខ ខណៈដែលថ្នាក់ដឹកនាំក្រុមហ៊ុននេះ នឹងប្រកាសសាងសង់នាពេលឆាប់ៗខាងមុខនេះក្នុងឳកាសជួបជាមួយមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា។
អគ្គនាយកក្រុមហ៊ុន Morgan លោក Ding Yongjun បានមានប្រសាសន៍ក្នុងជំនួបជាមួយលោកឧបនាយករដ្ឋមន្រ្តីហោ ណាំហុងនាថ្ងៃទី១៦ សីហានេះថា ក្រុមហ៊ុនលោកនឹងសាងសង់អាគារ Morgan Tower៤៦ជាន់ ស្មើនឹងកំពស់២១០ម៉ែត្រនាពេលឆាប់ៗខាងមុខនេះ ដែលមានទីតាំងនៅទីក្រុងកោះពេជ្រ។ អាគារនេះនឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី១៨ សីហាខាងមុខនេះ។
លោកបន្តថា Morgan Tower នឹងប្រើប្រាស់ជាអាគារការិយាល័យ សណ្ឋាគារប្រណីត សាលប្រជុំ ភោជនីយដ្ឋាន និង Sky Bar សម្រាប់គយគន់ទេសភាពក្រុងភ្នំពេញ។ជាមួយគ្នានេះ ក្រុមហ៊ុនបានបង្ហាញពីផែនការអភិវឌ្ឍន៍ សាងសង់សណ្ឋាគារប្រណីតនៅខេត្តព្រះសីហនុផងដែរ។
ក្រុមហ៊ុននេះ មានប្រវត្តិសាងសង់អាគារខ្ពស់ៗ មជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើននៅប្រទេសចិន ដូចជាទីក្រុងសៀងហៃ ទីក្រុងឈីងឌូជាដើម។
អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាងបានថ្លែងឲ្យដឹងផងដែរថា គំរោងនេះ ពិតជានឹងសាងសង់នៅទីក្រុងកោះពេជ្រពិតប្រាកដមែន ប៉ុន្តែលោកមិនបញ្ជាក់ពី ទីតាំងនៃគំរោងនេះ ត្រូវសាងសង់នោះទេ។លោកបន្តថា បច្ចុប្បន្នផ្ទៃដីទីក្រុងកោះពេជ្រទាំងមូលទើបអភិវឌ្ឍន៍បានចន្លោះពី៣០ ទៅ៤០ភាគរយប៉ុណ្ណោះ ហេតុនេះការអភិវឌ្ឍនៅតំបន់នេះទាមទារពេលវេលាច្រើនថែមទៀត៕
ប្រភព : Property area