ភ្នំពេញ៖ ដោយសារមើលឃើញសក្តានុពល និងសម្រស់ក្រុងកែបស័ក្តិសមជាទីលំហែរកាយ អ្នកវិនិយោគក្នុងស្រុកមួយរូបបានសម្រេចចិត្ត វិនិយោគខុនដូជាលើកដំបូងនៅទឹកដីក្រុងកែប ដែលជាទីក្រុងដ៏ស្រស់ស្អាតមួយនៃភាគនារតីកម្ពុជា។
តំណាងខុនដូឈ្មោះ “ថ្ម១ដុំ” លោកហ៊ុយ អៀងបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៦ សីហានេះថា ទីក្រុងកែបស័ក្តិសមជាទីលំហែរ និងជាទីក្រុងដែលមានភាពស្ងប់ស្ងាត់ មិនមានការបំពុលបរិយាកាស ហើយជាទីក្រុងដែលបារាំងចាប់អារម្ម ណ៍ជាងគេ ក្នុងចំណោមខេត្តជាប់តំបន់ឆ្នេរទាំងបួនរបស់កម្ពុជា។ ហេតុនេះទើបលោកសម្រេចចិត្តវិនិយោគគំរោងនេះឡើង ដោយរចនាអាគារកំពស់៧ជាន់នេះផ្សារភ្ជាប់ជាមួយធម្មជាតិ និងបរិយាកាសដ៏ស្រស់ស្រាយនៃទីក្រុងកែប។
លោកបន្តថា “គំរោងខុនដូនេះនឹងសាងសង់នៅពេលឆាប់ៗខាងមុខ ដែលជាខុនដូលើកដំបូងនៅទីក្រុងកែបមានចំនួន៧១យូនីត និងបន្ទប់ខុនដូនិមួយៗមានតម្លៃ៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េ”។ លោកបន្តថា វាជាតម្លៃសមរម្យមួយដែលប្រជាពលរដ្ឋកម្ពុជាអាចមានលទ្ឋភាពទិញសម្រាប់ស្នាក់នៅឬវិនិយោគបាន”។
ទំហំបន្ទប់និមួយៗ ត្រូវបានរចនាឡើងប្រកដោយភាពធំទូលាយ ដែលមានទំហំចាប់ពី១០៨ម៉ែត្រការ៉េឡើងទៅ។ ការរចនាបែបនេះ ដើម្បីផ្តល់ផាសុខភាពដល់អ្នកស្នាក់នៅ និងអាចលំហែរកាយជាមួយនឹងគំរោង ដែលស្ថិតនៅកណ្តាលឧទ្យានជាតិកែប។
គំរោងខុនដូនេះ ស្ថិតក្នុងសង្កាត់កែប ក្រុងកែប ដែលទីក្រុងតូចច្រឡឹងមួយរបស់កម្ពុជា ដែលកាលពីឆ្នាំមុនបានទទួលពានរង្វាន់ទីក្រុងស្អាត និងបៃតងអាស៊ាន។
លោកហ៊ុយ អៀងបានបន្តថា គំរោងនេះនឹងចំណាយពេលសាងសង់២៤ខែ បន្ទាប់ពីទទួលបានការអនុញ្ញាត្តច្បាប់សាងសង់ពីអាជ្ញាធរក្រុងកែប និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ទោះជាយ៉ាងណាលោកមិនទាន់បញ្ជាក់ឲ្យដឹង ពីទុនវិនិយោគក្នុងគំរោងនេះនៅឡើយទេ៕