ភ្នំពេញ៖ ផ្សារទំនើបនិងការិយាល័យសហកម្មសិទ្ឋ ដែលស្ថិតនៅលើផ្លូវមុនីវង្សក្បែរស្នាក់ការកាសែតរស្មីកម្ពុជា ជិតបញ្ចប់ការសាងសង់ហើយ ខណៈគំរោងនេះនឹងបើកដំណើរការនៅចុងឆ្នាំនេះ។
អាគារកំពស់ជាង១០ជាន់នេះ បាននិងកំពុងសាងសង់យ៉ាងសកម្មតាមបែបរចនាបទពិសេស និងទាក់ទាញមួយ។
ក្រុមហ៊ុនអចលនទ្រព្យលំដាប់អន្តរជាតិ CBRE Cambodiaជាអ្នកដើរតួនាភ្នាក់ងារ ជួលផ្តាច់មុខនៃគំរោងនេះ។ គំរោងនេះស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន ក្រុងភ្នំពេញ ជាកន្លែងដែលបាននិងកំពុងចាប់ផ្តើម នូវការដុះដាលលំនៅដ្ឋានបែបសហកម្មសិទ្ឋ (ខុនដូ) និងមជ្ឈមណ្ឌលពាណិជ្ជកម្មកាន់តែច្រើននាពេលអនាគត។
អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា Downtown93 ជាគំរោងផ្សារទំនើបមួយ ក្នុងចំណោមផ្សារទំនើបប្រមាណ១៣ ដែលនឹងបើកដំណើរការនៅឆ្នាំនេះ ប៉ុន្តែចំនួនផ្សារទំនើបទាំងនេះបានស្ថិតនៅទីតាំងខុសៗគ្នា និងចាប់យកចំណែកអតិថិជនខុសៗគ្នាផងដែរ។ អ្នកនាងបន្តថា ចំណែកអាគារការិយាល័យរួម វាជាទស្សនទាននៃការអភិវឌ្ឍថ្មីនៅក្រុងភ្នំពេញ ដែលឆ្នាំនេះមានការផ្គត់ផ្គង់ការិយាល័យប្រភេទនេះ ប្រមាណ៦ម៉ឺនម៉ែត្រការ៉េ។
អ្នកនាងបន្តថា “វាជាផលិតផលថ្មីនៅក្នុងទីផ្សារ វាជាអ្វីដែលយើងបារម្ភ ប៉ុន្តែវាជាការធ្វើតេស្តទីផ្សារ ហើយយើងរំពឹងថាវានឹងទទួលបានជោគជ័យ”៕
ប្រភព : Property area