Register Already an agent ? Login

ហេតុអីខេត្តកណ្តាល ជាទីតាំងពេញនិយមសម្រាប់ការពុះដីឡូត៌លក់?

ភ្នំពេញ៖ ស្របពេលដែលតម្លៃដីក្នុងក្រុងភ្នំពេញកំពុងហក់ឡើងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថាសកម្មភាពពុះដីឡូត៌លក់ កំពុងហូរចូលទៅខេត្តកណ្តាលយ៉ាងច្រើន ខណៈដែលស្ថានភាពភូមិសាស្រ្តខេត្តនេះ ស្ថិតនៅព័ទ្ឋជុំវិញក្រុងភ្នំពេញ។

លោកឃឹម វាសនា ប្រធានផ្នែកទីផ្សារនៃគម្រោងពុះដីឡូត៌លក់វឌ្ឍនៈដីឡូត៌អភិ​វឌ្ឍន៍មានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា ដោយសារតម្លៃដីនៅក្រុងភ្នំពេញកំពុងកើនឡើងខ្លាំងនេះហើយ ទើបក្រុមហ៊ុនរបស់លោកទិញដីពុះឡូត៌លក់ នៅតំបន់ជាយក្រុងវិញម្តង ដែលមានទីតាំងស្ថិតនៅភូមិព្រៃសំព័រ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។

លោកបន្តថា “ទោះជាទីតាំងដីមានចម្ងាយឆ្ងាយពីក្រុងបន្តិចមែន ប៉ុន្តែសកម្មភាពពុះដីឡូត៌លក់ កំពុងមានការគាំត្រខ្លាំងពីអតិថិជន «ដីឡូត៌ពុះថ្មីទំហំជាង៤ហិកតា មិនទាន់បានមួយខែពេញផ ងឥឡូវមានអតិថិជនមកក់លុយទិញទុក បានប្រមាណជាង៥០ភាគរយហើយ ដោយសារតម្លៃដីនៅធូថ្លៃអតិថិជន មានឱកាសរកប្រាក់ចំណេញបានទៅថ្ងៃមុខ»។

ជាមួយគ្នានេះលោក ភឿង ប៊ន ម្ចាស់គម្រោងដីឡូត៌ដែលបានពុះលក់ នៅក្នុងឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល បានឲ្យដឹងផងដែរថា គម្រោងដីឡូត៍លក់នៅទីនោះក៍មានអតិថិជនគាំទ្រច្រើនដែរ ដោយសារការពុះដីឡូត៌ទំហុំជាងមួយហិកតា លក់ត្រឹមរយៈពេលជាង១ខែប៉ុណ្ណោះ អតិថិជនមកទិញជិតអស់ទៅហើយ នៅសល់មួយចំនួនតូចដែលមានទីតាំងនៅចុងដីឡូត៌អតិថិជនមិនសូវស្រលាញ់ ទើបនៅសល់៥ទៅ៦ឡូត៍ទៀតនោះ។ លោកថាបន្ទាប់ពីអតិថិជនគាំទ្រខ្លាំងដូច្នេះ លោកបានបន្តទៅពុះដីឡូត៍លក់នៅទីតាំងផ្សេងមួយទៀត នៅជិតផ្លូវ៤១ ព្រំប្រទល់ខេត្តកណ្តាលនិងខេត្តកំពង់ស្ពឺ ហើយកំពុងត្រូវបានអតិថិជនកក់ទិញទុកជាបណ្តើរៗហើយ ខណៈដែលការចាក់ដីនិងស្ថាបនាផ្លូវបេតុងក្នុងដីឡូត៌ នៅសាងសង់មិនទាន់រួចរាល់ផងនោះ។

ចំណែកលោកសុទ្ឋ គឹមសឿន សហស្ថាបនិកគម្រោងពុះដីឡូត៍លក់នៅខាងក្រោ​យផ្សារព្រៃទទឹង ក្នុងភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល លើផ្ទៃដីជាង២០ហិកតា លក់ជិតអស់៥០%ហើយ បន្ទាប់ពីចាក់ដីលក់បានត្រឹមរយៈពេលជាង២ខែ។

លោកបន្តថា អ្វីដែលធ្វើឱ្យទីតាំងពីឡូត៍លក់ខាងលើ មានការគាំទ្រច្រើនពីអតិថិជន គឺដោយសារដីនៅមានតម្លៃទាប ទីតាំងមានសក្តានុពល នៅជិតមណ្ឌលសុខភាព សាលារៀន ផ្ទះប្រជាពលរដ្ឋ និងនៅជាប់ផ្សារព្រៃទទឹង ហើយពិសេសនោះគម្រោងនេះនៅជិតផ្លូវរថយន្តភ្លើងផ្លូវជាតិលេខ៣ និងមានគម្រោងរោងចក្រធំៗកំពុងសាងសង់ និងដំណើរការនៅទីនោះជាបណ្តើរហើយៗ។

ហេតុអីខេត្តកណ្តាលក្លាយជាទីតាំងពុះដីឡូត៍លក់យ៉ាងពេញនិយម លោកលាងគង់ យិនស្ថាបនិកនិងអគ្គនាយកគេហទំព័រPropertyarea.asia ដែលបានតាមដានដំនើរវិវត្តន៍នៃទីផ្សារអចលនវត្ថុនៅកម្ពុជាបានមានប្រសាសន៍ថា វាមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ ព្រោះការឡើងតម្លៃដីខ្ពស់នៅទីក្រុងបានធ្វើឲ្យគំរោ​ងលំនៅដ្ឋាន មួយចំនួនពិបាករកដីអភិវឌ្ឍន៍រួចទៅហើយ។ ហេតុនេះទើបល្បភននៃការអភិវឌ្ឍនេះឆ្ពោះទៅកាន់ខេត្តកណ្តាល ដែលស្ថិតនៅព័ទ្ឋជុំវិញរាជធានីភ្នំពេញ។

លោកបន្តថា មានកត្តាសំខាន់ៗជាច្រើន ដែលធ្វើឲ្យខេត្តកណ្តាលមានភាពពេញនិ​យមសម្រាប់ការពុះដីឡូត៍លក់ ទី១ ដោយសារខេត្តកណ្តាលស្ថិតនៅកៀករាជធានីភ្នំពេ​ញ ដែលងាយទទួលឥទ្ឋពលនៃការអភិវឌ្ឍចេញពីទីក្រុងនេះ ទី២ មានសណ្ឋានដីល្អប្រ​សើរ ទោះបីជាតំបន់មួយចំនួនមានការលិចទឹកក្តី ទី៣ មានហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់ចូល​មករាជធានីភ្នំពេញយ៉ាងខ្វាត់ខ្វែង ទី៤ កត្តាប្រជាសាស្រ្ត គឺបណ្តាស្រុកស្ថិតក្នុងខេត្តកណ្តាល ដែលនៅកៀកជាប់រាជធានីភ្នំពេញ ជាតំបន់មានប្រជាជនរស់នៅច្រើន និងជាតំបន់មានការអភិវឌ្ឍឆាប់រហ័ស៕

ប្រភព : Property area