ភ្នំពេញ៖ ទីបំផុតរៀបចំការដ្ឋានសាងសង់អាគារពាណិជ្ជកម្មភ្លោះ ROYAL ONE របស់អ្នកឧកញ៉ាគិត ម៉េង ដែលស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីសហព័ន្ឋរុស្ស៊ីបានចាប់ផ្តើមយ៉ាងលឿន បន្ទាប់ពីការបោះឆ្នោតបញ្ចប់ដោយបរិយាកាសល្អប្រសើរ។
អាគារពាណិជ្ជកម្មភ្លោះកប់ពពកនេះ បាននិងកំពុងវិនិយោគដោយក្រុមហ៊ុន Royal Group សហការជាមួយក្រុមហ៊ុនចិន ដែលគ្រោងបោះទុនវិនិយោគតម្លៃ១៥០លានដុល្លារអាមេរិក។
លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអនបានថ្លែងនូវការ កោតសសើរចំពោះលោកឧកញ៉ាគិត ធាង និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលមានជំនឿទុកចិត្តយ៉ាងមុតមាំលើ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំ ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយបានសម្រេចចិត្តបណ្តាក់ទុន វិនិយោគសាងសង់អាគារពាណិជ្ជកម្មពហុមុខងារ មានកំពស់រហូតដល់កំពស់៦២ជាន់ និងមានកំពស់២៣០ម៉ែត្រនេះឡើង។
មានទីតាំងនៅដីឡូត៍លេខ៩៣ ផ្លូវលេខ១១៤ កែងនឹងមហាវិថីមុនីវង្ស ដោយមានរចនាបទយ៉ាងប្រណិត និងបំពាក់ឧបករណ៍ទំនើបៗ។
លោកជំទាវម៉ែន សំអនបានបន្តទៀតថា គំរោងនេះ ពិតជារួមចំណែកលើកកម្ពស់សោភ័ណភាព និងការអភិវឌ្ឍរាជធានីភ្នំពេញ ផ្ដល់បទពិសោធន៍ល្អៗផ្នែកខាងវិស្វកម្ម និងស្ថាបត្យកម្មដល់កម្ពុជា ។ គម្រោងនេះក៏ពិតជាកើតឡើងចំពេលដែលកម្ពុជា កំពុងមានស្ថានភាពសេដ្ឋកិច្ចល្អ និងស្ថេរភាពនយោបាយល្អ និងគោលនយោបាយគាំទ្រពីរាជរដ្ឋភិបាលដល់សកម្មភាពអាជីវកម្មនិងវិនិយោគនានាផងដែរ។
គំរោងដ៏ធំនេះ បានសហការវិនិយោគដោយក្រុមហ៊ុន Royal Group ជាមួយ HuashiGroup។ ក្រុមហ៊នុន OTK Royal One ដែលជាបុត្រសម្ព័ន្ឋជាមួយក្រុមហ៊ុន Royal Group ដែលតំណាងដោយលោកឧកញ៉ាគិត ធាងប្រធានក្រុមហ៊ុន OTK Royal One ជាអ្នកវិនិយោគគំរោងនេះ។
លោកឧកញ៉ាគិត ធាងបានមានប្រសាសន៍ឲ្យដឹងថា ការសាងសង់អាគារខ្ពស់កប់ពពកនេះ នឹងចាប់ផ្តើមនៅខែកញ្ញាខាងមុខនេះ និងគ្រោងចំណាយពេលរយៈពេល៣ឆ្នាំដើម្បីបញ្ចប់គំរោងនេះ។
អាគារភ្លោះ Royal One នឹងប្រើប្រាស់ចម្រុះសម្រាប់ជាសណ្ឋាគារ ខុនដូ ផ្សារទំនើប អាគារការិយាល័យជាដើម។
ប្រភព : Property area