ភ្នំពេញ៖ គំរោងអចលនទ្រព្យយក្សមួយទៀត ដែលវិនិយោគដោយក្រុមហ៊ុន R&F Properties បានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការ ដែលមានទីតាំងនៅតាមបណ្តោយមហាវិថីសម្តេចតេជោហ៊ុន សែន ស្ថិតក្នុងសង្កាត់ចក្រអង្រែលើ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក RAYSON បុគ្គលិកផ្នែកលក់ជាន់ខ្ពស់នៃក្រុមហ៊ុន R&F Properties បានមានប្រសាសន៍ឲ្យដឹងមុនពិធីសម្ភោធគំរោងនេះកាលពីពេលថ្មីៗនេះថា គំរោងនេះមានអាគារសរុបចំនួន៤ ដែលមានផ្ទះសរុបចំនួនជាង២០០០យូនីត និងវិនិយោគទឹកទឹកប្រាក់ជាច្រើនរយលានដុល្លារអាមេរិក។លោកបន្តថា ការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុននេះ ដោយសារកម្ពុជាមានស្ថិរភាពនយោបាយ កំនើនសេដ្ឋកិច្ចរ៉ឹងមាំ និងមានបរិកាសកាសវិនិយោគដ៏ល្អប្រសើរ។
លោកបន្តថា “ទំនាក់ទំនងដ៏រ៉ឹងមាំនៃរដ្ឋាភិបាលប្រទេសទាំងពីរ និងគោលនយោបាយផ្លូវសូត្រ ដែលកម្ពុជាជាប្រទេសពិសេសមួយទទួលបានផលប្រយោជន៍ពីគោលនយោបាយនេះ ក៏ជាផ្នែកមួយនៃការទាក់ទាញយើងមកកាន់ទីនេះផងដែរ”។
អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង ដែលបានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធគំរោង LINGNAN បានមានប្រសាសន៍ថា ក្នុងនាមតំណាងឱ្យអាជ្ញាធរដែនដី សូមចូលអបអរសាទរ ចំពោះគម្រោងវិនិយោគដ៏មហិមានេះ ដែលជាការបានឆ្លុះបញ្ចាំងឲ្យឃើញនូវភាពជោគជ័យថ្មី១ទៀត នៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលខិតខំទាក់ទាញការវិយោគទាំងក្នុងនិងក្រៅប្រទេស ពិសេសគឺការខិតខំបង្កើនទំនុកចិត្ត និងជំនឿជឿជាក់ជូនដល់វិនិយោគិន ដែលមកវិនិយោគនៅកម្ពុជា។
លោកបន្តទៀតថា “នៅកម្ពុជាដែលមានសម្តេចតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រី គឺការពារផលប្រយោជន៏ របស់អ្នកវិនិយោគ ហើយគំរោងវិនិយោគទាំងនោះត្រូវបានការពារដោយច្បាប់”។ លោកបន្តថា “នៅលើពិភពលោកនេះ គេពិតជាមិនដែលឃើញមានក្រុមហ៊ុនណា ទៅបោះទុនវិនិយោគនៅក្នុងប្រទេសដែលមានសង្គ្រាមនោះទេ ប៉ុន្តែសំរាប់ប្រជាជនកម្ពុជា ពិតជាមានមោទនៈភាព ដែលមានបុរសខ្លាំង ដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍន៏”។
លោកអភិបាលក្រុងបានរំលឹកថា កាលពី៥ឆ្នាំមុនក្រោយបោះឆ្នោត គឺគ្មានក្រុមហ៊ុនណាមកសម្ពោធគម្រោងរបស់ខ្លួននៅកម្ពុជា ក៏ដូចនៅរាជធានីភ្នំពេញនោះដែរ ព្រោះថានៅតាមដងផ្លូវពោរពេញទៅដោយបាតុកម្ម កូដកម្ម បំផ្លិចបំផ្លាញ និងបង្កអំពើហឹង្សា ពីក្រុមអគតិដែលមាននិន្នាការប្រឆាំង៕
ប្រភព : Property area