Register Already an agent ? Login

ឥណ្ឌាចាប់អារម្មណ៍លើការវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា

ភ្នំពេញ៖ វិនិយោគគិនឥណ្ឌាមួយចំនួនបាន និងកំពុងបង្កើនការចាប់អារម្មណ៍វិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា ដោយសារកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរយៈពេលវែងដែលប្រទេសនេះសម្រេចបាន។

ក្នុងជំនួបជាមួយឯកឧត្តមជា សុផារ៉ាទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនី​យកម្ម និងសំណង់នាព្រឹកថ្ងៃទី៦ សីហាកន្លងមកលោកជំទាវ Manika Jain ឯកអគ្គ​រដ្ឋទូតឥណ្ឌាប្រចាំប្រទេសកម្ពុជាបានបញ្ជាក់ថា សព្វថ្ងៃវិនិយោគគិនឥណ្ឌាកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការបណ្ដាក់ទុននៅកម្ពុជា ដោយសារមើលឃើ​ញឱកាសវិនិយោគយ៉ាងប្រសើរ។ លោកជំទាវបន្តថា បច្ចុប្បន្នភាពការវិនិយោគនៅកម្ពុជាកំពុងមានភាពល្អប្រសើរ ដែលធ្វើអោយវិនិយោគិនឥណ្ឌាមួយចំនួន បានចាប់អាម្មណ៍មកបណ្ដាក់ទុននៅកម្ពុជាលើវិស័យវាយនភ័ណ្ឌ ស្រូវអង្ករ ដែក និងវិស័យផ្សេងៗទៀត។ ដូច្នេះលោកជំទាវចង់ដឹងព័ត៌មានមួយចំនួន ដូចជា តម្លៃដីធ្លី និងការចុះបញ្ជីពាណិជ្ជកម្មជាដើម។

ជាការឆ្លើយតប ទេសរដ្ឋមន្រ្តីជា សុផារ៉ាបានមានប្រសាសន៍ថា បើសិនជាជ្រើសរើសដីនៅតំបន់ជាប់ក្រុងគឺថ្លៃបន្ដិច តែបើជ្រើសរើសនៅតំបន់ឆ្ងាយពីក្រុងបន្ដិច មានតម្លៃថោកជាង ដូចជានៅតាមបណ្ដោយផ្លូវជាតិលេខ៣ លេខ៤ លេខ៥ លេខ៦ លេខ៥៥ ជាដើម ម្យ៉ាងនៅតំបន់ជាយក្រុងក៏អាចជៀសវាងការកកស្ទះផងដែរ។

ជាមួយលទ្ធផលនៃជំនួបខាងលើនេះ ភាគីទាំងពីរគឺស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានយល់ព្រមឱ្យមន្រ្តីជំនាញរបស់ឥណ្ឌាម្នាក់ ធ្វើការទំនាក់ទំនងជាមួយក្រសួង ដើម្បីដឹងព័ត៌មានកាន់តែច្បាស់អំពីការវិនិយោគ ការចុះបញ្ជីក្រុមហ៊ុន ហើយជនបរទេសអាចមានសិទ្ធិកាន់កាប់ដីធ្លីបាន៕

ប្រភព : Property area