ភ្នំពេញ៖ សណ្ឋាគារប្រណីតមួយលំដាប់ផ្កាយ៥ នឹងបើកដំណើរការនៅក្រុងព្រះសីហនុនាចុងខែសីហានេះ ដើម្បីស្វាគមន៍កំណើនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិដែលទៅទស្សនាខេត្តនេះកើនឡើងជាប់ជាប្រចាំ។
យោងតាមគេហទំព័របណ្តាញទំនាក់ទំនងសង្គម នៃក្រុមហ៊ុនអចលនទ្រព្យយក្ស Prince Real Estate Group បានឲ្យដឹងថា ការសាងសង់សណ្ឋាគារប្រណីតPrince Times Hotelបានបញ្ចប់កាលពីចុងខែកកក្កដាកន្លងមកនេះ។ សណ្ឋាគារនេះ មានទំហំរហូតដល់២៩០០០ម៉ែត្រការ៉េ និងមានបន្ទប់ចំនួន១៩៣បន្ទប់។ សណ្ឋាគារនេះមានបំពាក់ដោយគ្រឿងបរិក្ខាទំនើប អាងហែលទឹក ក្លឹបហាត់ប្រាណ យូហ្កា និងចំណតអាចចុះចត ឧទ្ឋម្គាគចក្រ នៅលើដំបូលអាគារជាដើម។
ជាមួយគ្នានេះ សណ្ឋាគារ Prince Times ក៏មាន Sky Bar អាចទស្សនាទេសភាពសមុទ្របានយ៉ាងស្រស់ស្អាតផងដែរ។
លោកតាំង សុចិត្រគ្រឹះស្នាប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី៦ សីហានេះថា ទោះបីជាមានកំនើននូវចំនួនបន្ទប់សណ្ឋាគារក្តី ក៏ចំនួននេះមិនទាន់ឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវទេសចរណ៍ ពិសេសភ្ញៀវចិននៅឡើយទេ។ លោកបន្តថា យើងរំពឹងថា ដំណាច់ឆ្នាំនេះឬដើមឆ្នាំ២០១៩ សណ្ឋាគារធំៗចំនួន៥ទៀត ដែលមានបន្ទប់២០០០នឹងបើកដំណើរការ ហើយនឹងអាចសម្រាលបានពីការខ្វះបន្ទប់។
លោកបន្តថា “ជាមួយគ្នានេះក៏មានសណ្ឋាគារផ្កាយពីរ ផ្កាយបីកើនផងដែរ ប៉ុន្តែមិនឆ្លើយតបនឹងតម្រូវការនៅឡើយទេ ដោយសារភាគច្រើនសណ្ឋាគារទាំងនោះត្រូវបានចិនជួលសម្រាប់បុគ្គលិករបស់ខ្លួន។
ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកហូ វណ្ឌីបានថ្លែងថា កំណើនភ្ញៀវទេសចរណ៍ចិន បានធ្វើឲ្យបន្ទប់សណ្ឋាគារនៅខេត្តព្រះសីហនុ ប្រឈមនឹងការខ្វះខាតជាប្រចាំ ហើយសណ្ឋាគារភាគច្រើនត្រូវបានចិនជួលយក ហើយមិនជួលឲ្យភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិដទៃទៀតនោះទេ។
លោកបន្តថា “យើងស្វាគមន៍ការវិនិយោគនានា ពិសេសការវិនិយោគលើផ្នែកបដិសណ្ឋារកិច្ចក្នុងខេត្តនេះ ដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើងជាប្រចាំ”៕
ប្រភព : Property area