ភ្នំពេញ៖ ការបោះឆ្នោតបានបញ្ចប់ជាមួយនឹងសន្តិភាព ស្ថិរភាពនយោបាយ ដែលបានធ្វើឲ្យអាជីវកម្មទូទៅក្នុងវិស័យនានា ពិសេសវិស័យអចលនទ្រព្យបន្តរីកចម្រើននៅកម្ពុជា។
តើអ្នកនៅក្នុងវិស័យនេះយល់ឃើញយ៉ាងដូចម្តេច? ស្តាប់ស្រ្តីជើងខ្លាំងទាំងបីរូបក្នុងវិស័យអចលនទ្រព្យលើកឡើងពីដំណើរវិវត្តន៍ក្នុងវិស័យនេះ។
អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានថ្លែងឲ្យដឹងកាលពីដើមសប្តាហ៍នេះថា មុននិងក្រោយការបោះឆ្នោត បរិយាកាសវិនិយោគ និងសកម្មភាពទិញលក់ក្នុងវិស័យអចលនទ្រព្យ មិនរងផលប៉ះពាល់ទេ ហើយបញ្ហានយោបាយ មិនជះឥទ្ឋិពលដល់វិស័យនេះឡើយ ដោយសារអ្នកវិនិយោគមកវិនិយោគនៅកម្ពុជាភាគច្រើន ជាអ្នកវិនិយោគមកពីតំបន់អាស៊ី។
អ្នកនាងបន្តថា “ខ្ញុំគិតថាក្រោយការបោះឆ្នោតបញ្ចប់ អ្វីៗនឹងមានភាពល្អប្រសើរជាងមុន ខណៈទីផ្សារក្នុងក្រុងកំពុងទាញយកការផ្គត់ផ្គង់មកប្រើប្រាស់វិញ ហើយទីផ្សារអចលទ្រព្យជាយក្រុងរីកចម្រើន ដោយសារការរីកចម្រើននៃវិស័យហេដ្ឋារចនាសម្ព័ន្ឋ”។
ជាមួយគ្នានេះ អ្នកនាង Grace Rachny Fong នាយិកានៃក្រុមហ៊ុន Century21 Cambodia បានលើកឡើងស្រដៀងគ្នាថា អ្វីៗនឹងល្អប្រសើរជាងមុន ដោយសារការបោះឆ្នោតនេះបានបង្ហាញនូវសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ដែលធ្វើឲ្យអ្នកវិនិយោគកាន់តែមានទំនុកចិត្ត។ អ្នកនាងបន្តថា ទាំងមុនការបោះឆ្នោត កំឡុងការបោះឆ្នោត និងក្រោយការបោះឆ្នោត យើងឃើញថាស្ថានភាពនៃការទិញលក់អចលនទ្រព្យ នៅតែកើនឡើង។
អ្នកនាងបន្តថា “សន្តិភាព ស្ថិរភាពនយោបាយនេះហើយ ជាអ្វីដែលពួកគេមើលឃើញ ជាអ្វីដែលអ្នកវិនិយោគកាន់តែមានទំនុកចិត្ត ហើយខ្ញុំគិតថាអ្នកវិនិយោគអន្តរជាតិ នឹងចូលមកវិនិយោគកាន់តែច្រើននៅកម្ពុជា”។
ស្របគ្នានេះដែរលោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុន AMATAK Property Service បានមានប្រសាសន៍ឲ្យដឹងផងដែរថា មុននិងក្រោយការបោះឆ្នោត សកម្មភាពទិញលក់អចលនទ្រព្យនៅបន្តកើនឡើង គ្រាន់តែមុនបោះឆ្នោតប្រហែលមួយខែសកម្មភាពទិញលក់មានសភាពទ្រឹងបន្តិច ប៉ុន្តែក្រោយការបោះឆ្នោតបានបញ្ចប់នាពេលថ្មីៗនេះសកម្មភាពនៃការទិញលក់បានកើនឡើងវិញ ហើយភ្ញៀវមានភាពសប្បាយរីករាយជាមួយនឹងបរិយាកាសនយោបាយមានភាពល្អប្រសើរ។
លោកស្រីបន្តថា “ទាំងអ្នកវិនិយោគជាតិ អន្តរជាតិនៅតែមានជំនឿចិត្តហើយសកម្មភាពទិញលក់បានចាប់ផ្តើមឡើងវិញ ជាមួយចរន្តទិញលក់មានការកើនឡើង”។លោកស្រីបន្តថា “ការទិញលក់ និងការមកដល់នៃអ្នកវិនិយោគអន្តរជាតិ នឹងបន្តកើនឡើងបន្ថែមទៀត ដោយសារទំនុកចិត្តពីកត្តាសន្តិភាព ស្ថិរភាពនយោបាយដែលកម្ពុជាសម្រេចបាន”៕
ប្រភព : Property area