ភ្នំពេញ៖ ស្ពានមិត្តភាពកម្ពុជា ជប៉ុនជ្រោយចង្វារបាននិងកំពុងជួសជុលនិងសាងសង់ឡើងវិញលឿនជាងផែនការ ដែលនឹងបញ្ចប់នៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។
លោកឈឹម ផល្លា ប្រធាននាយកដ្ឋានផ្លូវថ្នល់ នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន ទទួលបន្ទុកគំរោងជប៉ុនបានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទនាព្រឹកថ្ងៃទី៣ សីហានេះថា រហូតមកទល់ពេលនេះការជួសជុល និងសាងសង់ស្ពាននេះឡើងវិញសម្រេចបានជិត៤០ភាគរយហើយ។ ការស្ថាបនានិងជួសជុលឡើងវិញនេះ ធ្វើបានលឿនជាងផែនការគ្រោងទុក ដែលអាចនឹងបញ្ចប់នៅមុនចូលឆ្នាំខ្មែរ ប៉ុន្តែការដាក់ឲ្យដំណើរការមិនទាន់ប្រាកដនោះទេ ព្រោះក្រោយជួសជុលចប់អាចនឹងទុកមួយរយៈ មុនពេលដាក់ឲ្យដំនើរការ ដោយសារលក្ខខណ្ឌសុវត្ថិភាព។
លោកបន្តថា “ស្ពាននេះត្រូវសាងសង់ថ្មីនៅគល់ស្ពានទាំងសងខាង ប៉ុន្តែចំណុចកណ្តាលស្ពាននៅមានភាពល្អ និងជាប់មាំ ហេតុនេះក្រុមការងារជប៉ុនមិនសាងសង់ឡើងវិញទេ គ្រាន់តែជួសជុលឡើងវិញតាមលក្ខខ័ណ្ឌបច្ចេកទេសពិសេសមួយ”។លោកបន្តថា “ការសាងសង់ស្ពានឡើងវិញនេះ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលចំណាយទឹកប្រាក់៣០លានដុល្លារអាមេរិក”។
ស្ពានជ្រោយចង្វារ ត្រូវបានដាក់ឲ្យដំណើរការលើកដំបូងនៅឆ្នាំ១៩៦២ និងត្រូវកាត់ផ្តាច់ដោយគ្រាប់បែកក្នុងកំឡុងឆ្នាំ១៩៧២។ ស្ពាននេះត្រូវបានជួសជុលឡើងវិញនៅឆ្នាំ១៩៩១ និងដាក់ឲ្យប្រើប្រាស់ជាថ្មីនៅឆ្នាំ១៩៩៣៕
ប្រភព : Property area