ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងដែនដី នគរូបនីយកម្មនិងសំណង់បានថ្លែងថា កម្ពុជាត្រូវការលំនៅដ្ឋានប្រមាណ១លានខ្នងបន្ថែមទៀត ដើម្បីឆ្លើយតបនឹងកំនើនប្រជាសាស្រ្ត និងរីកចំរើននៃសេដ្ឋកិច្ចសង្គម។
លោកប៉ែន សុផលរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ជាមួយនឹងកំនើនសេដ្ឋកិច្ច នគរូបនីយកម្មក៏បានកើនឡើងយ៉ាងឆាប់រហ័ស ព្រោះតាមការសិក្សារបស់ក្រសួងអំពី ក្របខ័ណ្ឌយុទ្ឋសាស្រ្តអភិវឌ្ឍន៍ទីក្រុងនៅកម្ពុជាបានរកឃើញថា ចំនួនប្រជាជនរស់នៅរាជធានី ក្រុង និងទីប្រជុំជននៅឆ្នាំ២០១៤ មានចំនួន៤,៥លាននាក់ ស្មើនឹង២៧,១ភាគរយ និងបន្តកើនឡើងដល់៧,៩២លាននាក់នៅឆ្នាំ២០៣០ ស្មើនឹង៤៤ភាគរយនៃចំនួនប្រជាជនកម្ពុជាសរុប។
តាមទិន្នន័យនេះបានបង្ហាញឲ្យឃើញថា បើគិតចាប់ពីឆ្នាំ២០១៥ ដល់២០៣០ តម្រូវការលំនៅដ្ឋានសម្រាប់រាជធានី ក្រុង និងទីប្រជុំជនមានប្រមាណ៨០ម៉ឺនលំនៅដ្ឋាន ដែលគិតជាមធ្យមមានតម្រូវការប្រមាណ៥ម៉ឺនលំនៅដ្ឋានក្នុងមួយឆ្នាំ។
លោកប៉ែន សុផលបានបន្តថា ឆ្លើយតបនឹងបញ្ហានេះក្រសួងបាន និងកំពុងសកម្មអនុវត្តន៍គោលនយោបាយជាតិស្តីពី ការរៀបចំដែនដី ក្នុងការកសាងផែនការរៀបចំដែនដីប្លង់គោល និងផែនការប្រើប្រាស់ដីគ្រប់កម្រិត និងគោលនយោបាយជាតិស្តីពីលំនៅដ្ឋាន ពិសេសលំនៅដ្ឋានដែលមានតំលៃសមរម្យជូនមន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម ប្រាក់ចំណូលទាប និងជនងាយរងគ្រោះ ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព និងសមធ៌ម។
លោកច្រឹក សុខនីមអគ្គនាយកក្រុមហ៊ុន Century21 Mekong បានថ្លែងថា ទីផ្សារលំនៅដ្ឋាននៅតែមានភាពល្អប្រសើរ ដោយសារកត្តាសំខាន់ៗមួយចំនួនដូចជា កំនើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ កំនើនប្រជាសាស្រ្តកើនឡើងក្នុងទីក្រុង ការកើនឡើងនូវតម្លៃដីធ្លី ធ្វើឲ្យអ្នកមានដីធ្លីក្នុងទីក្រុងបានលក់ចេញ ហើយទិញលំនៅដ្ឋាននៅជាយក្រុង ឬតាមបុរីនានា និងការគាំទ្រឥណទានពីធនាគារនានា។
លោកបន្តថា “យើងឃើញថាទីផ្សារលំនៅដ្ឋាននៅតាមបុរីនានា មានសកម្មភាពទិញលក់កើនឡើងជាប្រចាំ ទាំងផ្ទះថ្មី និងផ្ទះទី២ដែលអ្នកទិញលក់យកចំណេញឬលក់ចេញដើម្បីផ្លាស់ប្តូរទីតាំងថ្មី”៕
ប្រភព : Property area