Register Already an agent ? Login

គម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣កំពុងទាក់ទាញអ្នកពុះដីឡូត៍លក់

​ភ្នំពេញ បន្ទាប់ពីរដ្ឋភិបាល ប្រកាសសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី3រួចមក សកម្មភាពពុះដីឡូត៌លក់នៅតាមផ្លូវក្រវ៉ាត់ក្រុងថ្មីនេះ កំពុងមានសកម្មភាពពុះកញ្ជ្រោលបណ្តើរ​ៗ​ហើយ ទោះបីជាកម្ពុជាកំពុងរៀបចំដំណើរការ ប្រកាសចូលកាន់តតំណែងរដ្ឋាភិបាលថ្មីក៍ដោយ។

លោកលី សុបិន ប្រធានក្រុមហ៊ុនអចលនទ្រព្យ ដេលី រៀលធីគ្រុប មានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២ សីហានេះ ដោយបានទទួលស្គាល់ថា ទោះបីបច្ចុប្បន្នកម្ពុជាបានបញ្ចប់ដំណើរការបោះឆ្នោត និងត្រៀមប្រកាសចូលកាន់តំណែង ជាផ្លូវការរដ្ឋាភិបាលថ្មី នៅពេលឆាប់ៗនេះក៍ដោយ តែការពុះដីឡូត៌លក់នៅជាយក្រុងភ្នំពេញ ពិសេសនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី3 តភ្ជាប់ពីគល់ស្ពានព្រែកភ្នៅឆ្លងកាត់តាមផ្លូវទំបន់កប់ស្រូវ ឆ្លងកាត់ផូវជាតិលេខ4 តភ្ជាប់មកសង្កាត់ព្រែកកំពិសខណ្ឌដង្កោ ឆ្ពោះទៅផ្លូវជាតិលេខ1 ស្រុកកៀនស្វាយ ខេត្តកណ្តាល កំពុងមានសកម្មភាពខ្លាំងឡើងគួរឱ្យកត់សម្គាល់។

លោកបន្តថា “ការបោះឆ្នោតនៅកម្ពុជាមានបរិយាកាសល្អ ប្រសើរជាងឆ្នាំមុនៗនិងមានស្ថេរភាពនយោបាយ ដែលបានផ្តល់ទំនុកចិត្តទៅដល់ប្រជាពលរដ្ឋ និងវិនិយោគិនផ្សេងៗ សម្រាប់ការប្រកបរបរអាជីវកម្មរបស់ខ្លួន”។ លោកបន្តថា “អ្នកវិនិយោគមួយចំនួនមានតម្រូវការប្រាក់ ពួកគាត់បានសម្រេចពុះដីឡូត៌លក់គគ្រឹកគគ្រឹង នៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងលេខ3នេះ ចំណែកអតិថិជនក៍បានក្តាប់យកឱកាសនេះ ទិញដីឡូត៌ទុកលក់យកប្រាក់ចំណេញវិញនៅពេលខាងមុខដែរ”។

លោកលី សុបិនបានបន្តថា ដីនៅតំបន់ទំបន់កប់ស្រូវ បច្ចុប្បន្នហាក់មានតម្លៃឡើងខ្ពស់ខ្លាំងរួចទៅហើយ ដោយដីជាប់ផ្លូវធំមានតម្លៃចាប់ពី200ដុល្លារ ទៅដល់250ដុល្លារក្នុងមួយម៉ែត្រការ៉េ និងចុះពីផ្លូវធំមានម្លៃ80-150ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលធ្វើឱ្យអតិថិជន ងាកមករកទិញនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី3 នៅចំណុចព្រែកកំពិស ក្នុងខណ្ឌដង្កោវិញម្តង ដោយសារដីតំបន់នេះមានតម្លៃទាបជាងតំបន់ទំន់កប់ស្រូវ។ ដីនៅលើផ្លូវធំ ក្នុងសង្កាត់ព្រែកកំពិស ខណ្ឌដង្កោរនេះ មានតម្លៃចន្លោះពី100ដុល្លារទៅ120ដុល្លារប៉ុណ្ណោះនៅលើផ្លូវធំ ហើយដីចុះពីផ្លូវធំមានតម្លៃត្រឹម 50-80ដុល្លារប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ ដែលអតិថិជនភាគច្រើន ឆក់ឱកាសនេះ ទិញដីទុកលក់យកប្រាក់ចំណេញនៅពេលក្រោយ។

ជាមួយគ្នានេះលោក តាន់ ហុងលី ភ្នាក់ងារពុះដីឡូត៍លក់នៅជិតរង្វង់មូលគួរស្រូវ សង្កាត់ស្ពានថ្ម ក្នុងខណ្ឌដង្កោមានប្រសាសន៍ឱ្យដឹងដែរថា នៅមុនដំណាក់កាលបោះឆ្នោតសកម្មភាពទិញដីរបស់អតិថិជន ហាក់មានសភាពស្ងាត់បន្តិច ដោយដីឡូត៌របស់លោកត្រូវបានទុកចោលមួយរយៈ ប៉ុន្តែបន្ទាប់កម្ពុជារៀបចំបោះឆ្នោតរួចភ្លាម អតិថិជនបានដើររកទិញដីគួរកត់សម្គាល់សឹងមិនជឿ ព្រោះថាដីឡូររបស់លោក ត្រូវបានអតិថិជនមកកក់ប្រាក់ទិញទុកជារៀងរាល់ថ្ងៃ ធ្វើឱ្យដីឡូដែលធ្លាប់មានភាពស្ងប់ស្ងាត់នេះ មានសកម្មភាពកក្រើកឡើងវិញហើយលក់ជិតអស់ហើយ។

លោកថា “អ្វីដែលធ្វើឱ្យអតិថិជន ងាកមកទិញដីនៅសង្កាត់ព្រែកកំពិស ដោយសារដីលោកនៅមានតម្លៃទាបមួយឡូត៌ទំហុំ 5គុណ20ម៉ែត្រ មានតម្លៃត្រឹមតែ 6000ដុល្លារទៅ7000ដុល្លារប៉ុណ្ណោះ ខណៈដីឡូត៌មួយចំនួនបានឡើងថ្លៃខ្លាំង ដោយដីមួយឡូត៌ចន្លោះពី 8,000ដុល្លារទៅដល់10,000ដុល្លារអស់ទៅហើយ។

លោកថា ដោយសារការពុះដីឡូត៌លក់ ហាក់មានសកម្មភាពឡើងវិញ និងមានអតិថិជនរកទិញដីទុកបន្ថែមទៀតនោះ លោកបានរៀបចំពុះដីឡូត៌មួយកន្លែងទៀត លក់ក្នុងតម្លៃទាប នៅតាមផ្លូវក្រវ៉ាត់ក្រុងទី3ដូចគ្នាដែរ តែស្ថិតនៅតាមបណ្តោយផ្លូវ41 តភ្ជាប់ពីភ្នំបាសិតមកផ្សារថ្នល់ទទឹង ដែលជាចំណុចតភ្ជាប់រវាងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ដោយសារអតិថិជនភាគច្រើន មាននិន្នាការទិញដីក្នុងតម្លៃទាបនៅជាយក្រុង ទុកលក់យកប្រាក់ចំណេញវិញទៅថ្ងៃអនាគត។

ចំណែកលោក គង់ ពៅ ម្ចាស់គម្រោងផ្ទះល្វែងនៅជិតភ្នំប្រសិទ្ឋិបានមានប្រសា​សន៍ឲ្យដឹងផងដែរថា បច្ចុប្បន្នទោះជាកម្ពុជា កំពុងដំណើរការរៀបចំរដ្ឋាភិបាលអាណត្តិថ្មីក៍ដោយ ប៉ុន្តែទំនុកចិត្តវិនិយោគិនបរទេស នៅតែមានសុទិដ្ឋិនិយមសម្រាប់ស្ថេរភាពនយោ​បាយកម្ពុជា។ តួយ៉ាងអ្នកវនិយោគជនជាតិចិន បានមកសហការជាមួយលោក ទិញដីសាងសង់ផ្ទះល្វែង ដែលមានគុណភាពស្តង់ដារ ទុកលក់ក្នុងតម្លៃទាបសមរម្យ ដើម្បីឱ្យប្រជាពលរដ្ឋ មានចំណូលមធ្យមអាចមានលទ្ឋភាពទិញផ្ទះរស់ចូលមករស់នៅ មានលំនៅដ្ឋានបានកាន់តែច្រើនឡើង ហើយក៍នឹងផ្តល់ឱកាសឱ្យអាជីវករ ដែលចង់ទិញផ្ទះទុកលក់បន្ត អាចលក់ចេញទៅវិញរកប្រាក់ចំណេញបានច្រើនដែរ៕

ប្រភព : Property area