ភ្នំពេញ៖ ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រជំនាញអចលនទ្រព្យ នឹងបើកដំនើរការនៅពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីការបណ្តុះបណ្តាលជំនាញពាក់ព័ន្ឋនឹងវិស័យនេះសម្រាប់រយៈពេលខ្លី នឹងចាប់ផ្តើមនៅដើមសប្តាហ៍ក្រោយ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារះអចលនវត្ថុកម្ពុជាលោកបណ្ឌិតគីម ហ៊ាងបានមានប្រសាសន៍ឲ្យដឹងនៅពេលថ្មីៗនេះថា ដោយសារមានភាពបន្ទាន់ ដើម្បីបំពេញតម្រូវការធនធានមនុស្សក្នុងវិស័យនេះ ទើបសមាគមសហការជាមួយសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បើកវគ្គបណ្តុះបណ្តាលរយៈពេលខ្លី នៅថ្ងៃទី៨ សីហាខាងមុខនេះ។
លោកបន្តថា “ជាមួយនឹងផែនការចំពោះមុខ សមាគមនិងក្រសួងសេដ្ឋកិច្ចនឹងបើកការបណ្តុះបណ្តាលជំនាញ អចលនទ្រព្យកម្រិតបរិញ្ញាបត្ររង និងបរិញ្ញាបត្រនៅឆ្នាំ២០២០ខាងមុខនេះ”។ លោកបន្តថា “ការបណ្តុះបណ្តាលដែលនឹងចាប់ផ្តើម នៅដើមស ប្តាហ៍ក្រោយ ធ្វើឡើងជាលក្ខណៈបន្ទាន់”។
ជាមួយនឹងកង្វះធនធានមនុស្សក្នុងវិស័យនេះ មជ្ឈមណ្ឌលអចលនវត្ថុកម្ពុជានឹងបើកដំណើរការនៅខែកញ្ញាខាងមុខផងដែរ បើសិនជាគ្មានការប្រែប្រួលទេនោះ។
លោកឃាង ពុទ្ឋីប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលអចលនវត្ថុកម្ពុជាបានថ្លែងថា ប្រសិនជាគ្មានការប្រែប្រួលទេនោះ មជ្ឈមណ្ឌលអចលនវត្ថុកម្ពុជានឹងបើកបណ្តុះបណ្តាលជំនាញពាក់ព័ន្ឋក្នុងវិស័យនេះ នៅខែកញ្ញាខាងមុខ។ មជ្ឈមណ្ឌលនេះមានទីតាំងនៅក្នុងគំរោង ONe Park ស្ថិតក្នុងមជ្ឈមណ្ឌលភ្នំពេញ (Phnom Penh City Center)។លោកបន្តថា ការបើកការបណ្តុះបណ្តាលជំនាញនេះ ធ្វើឡើងតាមកម្មវិធីសិក្សាលំដាប់អន្តរជាតិ ដែលក្រុមអ្នកជំនាញបានសិក្សាកម្មវិធីសិក្សាពីប្រទេសសឹង្ហបុរី ជប៉ុន កូរ៉េជាដើម ដើម្បីយកមកច្របាច់បញ្ចូលគ្នា ស្របតាមបរិបទនិងស្ថានភាពនៃសេដ្ឋកិច្ចសង្គមកម្ពុជា។
លោកបន្តថា “កង្វះខាតធនធានមនុស្សក្នុងវិស័យនេះ ជាអ្វីដែលយើងត្រូវឆ្លើយតបដើម្បីជួយលើកកំពស់វិស័យសំណង់ និងអចលនទ្រព្យកាន់តែរីកចម្រើនថែមទៀត”៕
ប្រភព : Property area