ភ្នំពេញ : ក្រុមហ៊ុនមួយមានមូលដ្ឋាននៅកោះតៃវ៉ាន់ គ្រោងបោះទុនវិនិយោគ ១០០លាន ដុល្លារអាមេរិក ដើម្បីសាងសង់សណ្ឋាគារប្រណីតកម្រិតផ្កាយ៥ នៅក្នុងសង្កាត់ទន្លេបាសាក់រាជធានីភ្នំពេញ។
គំរោងនេះមានឈ្មោះ GALAXY ដែលមានកំពស់៥០ជាន់ និងស្ថិតនៅខាងក្រោយអាគារ The Bridge ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព៌តមានពីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានឲ្យដឹងថា គំរោងនេះត្រូវបានអនុម័តដោយរដ្ឋាភិបាលរួចហើយ និងសាងសង់នៅពេលឆាប់ៗនេះ ប្រសិនជាគ្មានការប្រែប្រួលទេនោះ។ វានឹងជាសណ្ឋាគារខ្ពស់ជាងគេ១នៅទីក្រុងភ្នំពេញ នៅពេលគំរោងនេះសាងសង់ចប់ ដោយវាមានកំពស់រហូតដល់២០០ម៉ែត្រ។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះ ដោយបានស្វាគមន៍ចំពោះគម្រោងវិនិយោគដ៏ធំនេះ ខណៈទីផ្សារសណ្ឋាគារកំពុងរីកចម្រើននៅកម្ពុជា ដោយសារការចូលមកដល់នៃភ្ញៀវទេសចរណ៍អន្តរជាតិ។លោកបន្តថា ទីផ្សារសណ្ឋាគារនៅរាជធានីភ្នំពេញមានភាពល្អប្រសើរ បើធៀបនឹងខេត្តសៀមរាប ដោយសាររាជធានីភ្នំពេញ មានភ្ញៀវចម្រុះទាំងអ្នកទេសចរ ទាំងអ្នកមកចូលរួមប្រជុំ និងអ្នកជំនួញនានា។
លោកបន្តថា “ទោះជាទីផ្សារមានការប្រកួតប្រជែងក្តី តែការវិនិយោគសណ្ឋាគារដែលមានជំនាញ និងស្តង់ដានៅតែទទួលបានជោគជ័យនៅកម្ពុជា”៕
ប្រភព : Property area