ភ្នំពេញ៖ ក្នុងរយៈពេល៦ខែ ឆ្នាំ២០១៨ទាំងសមត្ថកិច្ចក្រសួង និងរាជធានី ខេត្តបានផ្ដល់លិខិតអនុញ្ញាតសាងសង់បានចំនួន១, ៦៤៣ គម្រោង មានផ្ទៃក្រឡាសំណង់សុរប ៥, ៣៥២, ៤២២ម៉ែត្រការ៉េ មានតម្លៃប៉ានស្មាន២,១៥៣, ២១១,១១៨ ដុល្លារសហរដ្ឋអាមេរិក។
យោងតាមរបាយការណ៍របស់ក្រសួងដែនដី នគរូបនីយកម្មនិងសំណង់បង្ហាញនៅក្នុងបណ្តាញទំព័របណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន នៅក្នុងសប្តាហ៍នេះថា ទុនវិនិយោគរបស់វិស័យឯកជនមកពីបរទេស គឺមានចំនួន៨ប្រទេស ស្មើនឹងចំនួន២១គម្រោង មានផ្ទៃក្រឡាសំណង់សរុប៩២៨, ២៦៧ ម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មានទុនវិនិយោគ៣៩៤, ៣៣២, ៣០០ ដុល្លារ។
របាយការណ៍បានគូសបញ្ជាក់ថា “កំណើននៃវិស័យសំណង់ ជាសូចនាករមួយទៀត បង្ហាញពីភាពរីកចម្រើនក្នុងវិស័យនេះ ដែលបានកើនឡើង១៤%ដល់ប្រមាណជា ១,៧៤២គម្រោង ក្នុងនោះសំណង់លំនៅដ្ឋានមានចំនួនច្រើនលើសលុប ដែលមានរហូតដល់ ៨៥% នៃគម្រោងសាងសង់សរុប”។
វិស័យសំណង់បានរួមចំណែក ជម្រុញដល់កំណើនសេដ្ឋកិច្ចជាតិបានយ៉ាងខ្លាំងនិងបានផ្ដល់ការងារដល់អ្នកជំនាញ និងកម្មករប្រមាណ១៨ម៉ឺននាក់ក្នុងមួយថ្ងៃ ដែលធ្វើការតាមការដ្ឋានសំណង់ទូទាំងប្រទេស ព្រមទាំងទទួលបានប្រាក់ឈ្នួលពី៤០០ដុល្លារ ទៅ២៥០០ដុល្លារអាមេរិកក្នុងមួយខែ៕
ប្រភព : Property area