ភ្នំពេញ៖ ស្របពេលការប្រកួតប្រជែងកើនឡើង លោកបណ្ឌិតគីម ហ៊ាងប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងថា រយៈពេល៣ទៅ៥ឆ្នាំខាងមុខ ក្រុមហ៊ុនអចលនទ្រព្យដែលមានបុគ្គលិកក្រោម២០នាក់ ប្រឈមមុខនឹងបិទទ្វារច្រើន។
លោកបន្តថា ក្រុមហ៊ុនអចលនទ្រព្យលំដាប់អន្តរជាតិចូលមកកាន់តែច្រើន ទីផ្សារនេះនឹងកាន់តែរីកចម្រើន និងប្រកួតប្រជែងគ្នាកើនឡើង ហើយនិន្នាការទីផ្សារសេរីគឺត្រីធំស៊ីត្រីតូចជារឿងធម្មតា មិនមានអ្វីចម្លែកទេ។ ហេតុនេះក្រុមហ៊ុនដែលមានសមាជិកតិចៗ នឹងបិទទ្វារ និងក្រុមហ៊ុនមួយចំនួនទៀតក៏អាចរស់ផងដែរ ប្រសិនជាផ្តល់សេវាកម្មបានល្អប្រសើរ។លោកបន្តថា និន្នាការនេះនឹងកើតមាននៅកម្ពុជា ដូចបណ្តាប្រទេសជឿនលឿននានាផងដែរ ដែលក្រុមហ៊ុននិមួយៗមានបុគ្គលិករាប់រាយពាន់នាក់ ហើយក្រុមហ៊ុនតូចៗត្រូវបិទទ្វារជាស្វ័យប្រវត្តិ។
លោក គីម ហ៊ាង បានលើកជាឧទាហរណ៍ថា ចង់លក់បុរីមួយដែលមានផ្ទះចំនួន១០០០ល្វែង បើក្រុមហ៊ុនមួយមានបុគ្គលិក២០នាក់ និងក្រុមហ៊ុនមួយមានបុគ្គលិករហូតដល់១០០០នាក់ តើអ្នកអភិវឌ្ឍន៍បុរីគេជ្រើសរើសក្រុមហ៊ុនមួយណា។ ប្រាកដណាស់គេ នឹងជ្រើសរើសក្រុមហ៊ុនដែលមានបុគ្គលិកច្រើនហើយ។
លោកបន្តថា ដូចជាក្រុមហ៊ុន Keller Williams ច្បាស់ណាស់ យើងត្រូវការបុគ្គលិក២០០នាក់ជំហ៊ានដំបូង ហើយយើងនឹងពង្រីកបុគ្គលិកបន្ថែមទៀតនាពេលអនាគត ព្រោះក្រុមហ៊ុននេះមានគោលការណ៍ និងលក្ខខ័ណ្ឌសមស្របនឹងទីផ្សារ និងបរិបទសេដ្ឋកិច្ចសង្គមកម្ពុជា៕
ប្រភព : Property area