ភ្នំពេញ៖ ក្រសួងសាធារណៈការនឹងដឹកជញ្ជូន គ្រោងនឹងចាប់ផ្តើមជួសជុល និងស្តារការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្លូវវថ្នល់ ស្ពាន និងពង្រីកផ្លូវជាតិលេខ៤ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង បន្ទាប់ពីមានឥទ្ធិពលសម្ពាធទាប និងឥទ្ធិពលខ្យល់ព្យុះទី៩ ឈ្មោះសុន។
ក្នុងពេលចុះពិនិត្យមើលស្ថានភាពផ្លូវលេខ ៤ ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨បានលើកឡើងថា ថវិកាដែលគ្រោងចំណាយក្នុងការជួសជុល និងបង្រីកផ្លូវជាតិលេខ៤នេះ ជាថវិការកម្ចីពីធនាគារពិភពលោក ក្នុងទំហំទឹកប្រាក់ចំនួន១១០លានដុល្លារ ដោយពង្រីកទំហំផ្លូវនេះពី៧ម៉ែត្រ ដល់១១ម៉ែត្រចេញសង់ខាងថែមទៀត ដោយចាក់កៅស៊ូប្រភេទAC។
ដោយសារប្រទេសកម្ពុជា កំពុងទទួលរងនូវសម្ពាធទាប និងឥទ្ធិពលខ្យល់ព្យុះទី៩ឈ្មោះសុន ទីញ បានបង្កឲ្យមានភ្លៀងធ្លាក់ជោគជាំ និងមានទឹកជំនន់ទឹកភ្លៀងជន់លិច នៅតាមបណ្តាខេត្តមួយចំនួន និងបានធ្វើឲ្យកំណាត់ខ្សែផ្លូវ ស្ពាន មួយចំនួនត្រូវបានកាត់ផ្តាច់ចរាចរណ៍ទាំងស្រុង ដូចជាកំណាត់ផ្លូវជាតិលេខ៤ និងកំណាត់ផ្លូវខេត្តលេខ១៣២ ជាដើម ហើយខ្សែផ្លូវជាតិ ផ្លូវខេត្ត មួយចំនួនទៀតក៏ទទួលរងការខូចខាតស្រទាប់ផ្លូវផ្នែកផ្ទៃខាងលើផងដែរ ដូចជា កំណាត់ផ្លូវជាតិលេខ២ លេខ៣ លេខ៣៣ លេខ៤១ លេខ៤៥ លេខ៤៨ លេខ៥៧ និងកំណាត់ ផ្លូវខេត្តលេខ១៤៨ លេខ៣៧៧ លេខ១៣៣២ លេខ១៣៣៣ លេខ១៣៣៥ លេខ១៥៩ដេជាដើម ដែលបង្កអោយ មានការលំបាកធ្វើចរាចរណ៍។
ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅតំបន់ដែលកំពុងមានបញ្ហា ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ និងសម្រួលចរាចរណ៍ទៅមករបស់បងប្អូន។
លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សុំការយោគយល់អធ្យាស្រ័យ ក្នុងការជួបការលំបាក ឬខកខានក្នុងការធ្វើដំណើរដោយឆ្លងកាត់កំណាត់ផ្លូវ ស្ពាន ដែលកំពុងរងការខូចខាត ហើយក៏សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅទុកជាមុន ចំពោះការចូលរួមសហការ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដើម្បីបង្កលក្ខណ:ងាយស្រួល ដល់ការជួសជុល និងស្តារ ផ្លូវ ស្ពានដែលខូចខាតឡើងវិញ៕
ប្រភព : Property area