ភ្នំពេញ៖ Property Management ជាសេវាគ្រប់គ្រងអចលនទ្រព្យ ដែលកម្ពជាមិនទាន់បំពេញបាននៅឡើយទេ ដោយសារក្រុមហ៊ុនអចលនទ្រព្យនានានៅកម្ពុជាមិនទាន់មានជំនាញនេះនៅឡើយ។
វាជាជំនាញមួយ និងជាសេវាកម្មមួយដែលអាចរកប្រាក់បានច្រើន ប៉ុន្តែមិនទាន់មានក្រុមហ៊ុនច្រើននៅឡើយទេ ដែលអាចចាប់យកឳកាសនេះបាន។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកបណ្ឌិតគីម ហ៊ាងកាលពីពេលថ្មីៗនេះបានលើកឡើងថា ជំនាញគ្រប់គ្រងអចលនវត្ថុ(Property Management) នៅកម្ពុជាមិនទាន់មានក្រុមហ៊ុនច្រើនអាចធ្វើបាននៅ ឡើយទេ គឺបច្ចុប្បន្នមានក្រុមហ៊ុនអន្តរជាតិបីឬបួនប៉ុណ្ណោះ បានផ្តល់សេវាកម្មផ្នែកនេះ ខណៈសេវាកម្មបែបនេះនៅមានសក្តានុពល ពោលគឺមានតម្រួវការច្រើនក្នុងទីផ្សារ។
លោកបន្តថា ”ជំនាញនេះមានសារៈសំខាន់ និងអាចរកលុយបានច្រើន ហេតុនេះ យើងគួរពង្រឹងផ្នែកនេះ ដើម្បីអាចផ្តល់សេវាកម្មជាមួយចំណេះដឹងនិងផ្តល់សេវាកម្មល្អប្រសើរដល់អតិថិជន”។លោកបន្តថា “សំណង់អាការធំៗខ្ពស់ៗ ជាច្រើនបានរីកចម្រើននៅកម្ពុជាយ៉ាងខ្លាំង ហេតុនេះការសិក្សាជំនាញនេះពិតជាមានសារៈសំខាន់ ដើម្បីជួយដល់វិស័យនេះ”។ ក្រុមហ៊ុនអន្តរជាតិតិចតួចប៉ុណ្ណោះបាន និងកំពុងផ្តល់សេវាកម្មនេះនៅកម្ពុជា។
នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធីតា បានមានប្រសាសន៍ឲ្យដឹងថា បើអាគារខុនដូ អាគារការិយាល័យ ឬអាផាតម៉ិនណាមួយមានអ្នកជំនាញគ្រប់គ្រងបានល្អ ផ្តល់សុវត្ថិភាព ផ្តល់ការថែរទាំ នឹងធ្វើ ឲ្យអចលនទ្រព្យកើនឡើង និងធ្វើឲ្យអាគារនោះមានភាពថ្មីជានិច្ច ព្រោះសេវាគ្រប់គ្រងអចលនទ្រព្យ នឹងផ្តល់ការថែរទាំ ជួលជុសអាគារនោះ។
អ្នកនាងបន្តថា “ការមានក្រុមហ៊ុនជំនាញធ្វើការលើផ្នែកនេះ នឹងធ្វើឲ្យអចលនទ្រព្យនោះទាក់ទាញអ្នកជួល និងទាក់ទាញអ្នកទិញអាគារនោះកាន់តែច្រើន ប៉ុន្តែយ៉ាងណាក៏ដោយនៅកម្ពុជា មិនសូវមានក្រុមហ៊ុនជំនាញគ្រប់គ្រងអចលនទ្រព្យបែបនេះច្រើននៅឡើយ”។
អ្នកនាង អាន សុធីតា បានបន្តថា ការផ្តល់សេវាគ្រប់គ្រងអាគារឬអចលនទ្រព្យណាមួយ ធ្វើឡើងដោយមានកិច្ចព្រមព្រៀងរវាងម្ចាស់អាគារ និងក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ ដែលយកកម្រៃសេវាកម្មពីអ្នកស្នាក់នៅលើអាគារ តាមតម្លៃសមរម្យមួយ ដែលមានការឯកភាពរវាងអ្នកគ្រប់គ្រង និងអ្នកវិនិយោគ ហើយថវិកានោះ នឹងបែងចែងប្រើប្រាស់លើការថែរទាំ ការជួសជុលអាគារ និងបែងចែកភាគលាភផ្សេងៗទៀត ដល់ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យនោះ៕
ប្រភព : Property area