Register Already an agent ? Login

ចំណុចត្រូវដឹង ដើម្បីការពារហានិភ័យមុនទិញដីឡូត៍

ភ្នំពេញ៖ ស្របពេលចលនានៃការទិញដីឡូត៍ និងពុះដីឡូត៍លក់ចាប់ផ្តើមផ្ទុះរឿងបណ្តើរៗ។ Propertyarea.asia សូមយកចំណុចពិសេសខ្លះចេញពីវេបសាយលំដាប់អន្តរជាតិមួយ គឺគេហទំព័រ Propertyarea.asia ដែលបានពន្យល់លំអិតពីបញ្ហានេះ។

គេហទំព័រនេះបានណែនាំអ្នកមានបំណងទិញ ឬវិនិយោគលើដីឡូត៍ពិនិត្យ​មើលទិដ្ឋភាពមួយចំនួន មុនសម្រេចចិត្តទិញឬមិនទិញដីឡូត៍ទាំងនោះ។

ទិដ្ឋភាពផ្លូវច្បាប់

ត្រូវប្រាកដថាដីឡូត៍ដែលលោកអ្នកទិញ ជាការទិញពីម្ចាស់ប័ណ្ណពិតប្រាក​ដ មិនមែនទិញពីអ្នកពុះដីឡូត៍នោះទេ ព្រោះអ្នកពុះដីឡួត៍មួយចំនួនបានយកដីគេមកលក់ ហើយរត់ចោលអតិថិជនរបស់ខ្លួន នៅពេលពួកគេប្រមូលប្រាក់បាន(ករណីនេះបានកើតមានរួចហើយ។

ប្លង់កម្មសិទ្ឋ

ចំណុចមួយទៀតត្រូវប្រាកដថា ដីឡូត៍ដែលខ្លួនបានទិញមានប្លង់ត្រឹមត្រូវ។ នេះមានន័យថា ប្រសិនជាដីឡូត៍នោះមានប្លង់រឹង ត្រូវតែកាត់ប្លង់រឹង ព្រោះអ្នកលក់ដីឡូត៍ខ្លះមានប្លង់រឹង តែបានកាត់ប្លង់​ត្រឹម ស្រុក ឬខ័ណ្ឌ ឬត្រឹម ឃុំសង្កាត់។ ប្រសិនជាការទិញលក់បែបនេះ ពិតជាមានហានិភ័យ ព្រោះម្ចាស់ដីឡូត៍ខ្លះបានដាក់ប្លង់នៅធនាគាររួចហើយ និងអាចលួចផ្ទេរកម្មសិទ្ឋដល់កូនចៅ​របស់ខ្លួនជាប្លង់រឹង នោះអ្នកទិញដីឡូត៍នោះនឹងមានហានិភ័យកើតឡើង ព្រោះពួកគេគ្មានមូល​ដ្ឋានផ្លូវច្បាប់តវ៉ាឡើយ។

ហេដ្ឋារចនាសម្ព័ន្ឋ

តាមធម្មតា អ្នកពុះដីឡូត៍លក់តែងតែមានយុទ្ឋសាស្រ្តខុសៗគ្នា ដើម្បីទាក់​ទាញអតិថិជនរបស់ខ្លួន តាមរយៈការចាក់ផ្លូវ ដាក់បង្គោលអគ្គិសនី ទឹកស្អាត និងប្រព័ន្ឋលូជាដើម។ ហេតុនេះអ្នកទិញ ដែលមិនយល់ពីបញ្ហានេះ ពួកគេមិនបារម្ភឡើយ ប៉ុន្តែមានរឿងជាច្រើននៅក្នុងនោះ ដូចជា តើផ្លូវត្រូវតាមស្តង់ដាឬទេ? ប្រព័ន្ឋលូមានកន្លែងបង្ហូរត្រឹមត្រូវឬទេ ឬគ្រាន់តែដាក់ឲ្យរួចពីដៃ។ ចំណុចមួយទៀតតើប្លង់ទាំងនោះត្រូវបានទទួលស្គាល់កម្រិតណា?ជាដើម។ នេះជាចំណុច ដែលត្រូវសួរ។

ការបង់រំលោះ

ដោយសារតែចង់ពុះដីឡូត៍លក់បានច្រើន និងយកចំណេញ អ្នកវិនិយោគពុះ​ដីឡូត៍លក់តែងតែឲ្យអតិថិជន បង់ប្រាក់នៅក្រុមហ៊ុនរបស់ខ្លួន ដោយគ្មានការ​ប្រាក់។នេះជាចំណុចហានិភ័យមួយ ព្រោះទី១ ការទូទាត់បែបនេះមិនមានច្បាប់​ណាមួយគ្រប់គ្រងឡើយ ទី២ ការបង់រំលោះបែបនេះ ក្រុមហ៊ុនអាចប្រមូលបានប្រាក់ហើយរត់ និងមិនទទួលខុសត្រូវ និងប្រព័ន្ឋបង់ប្រាក់បែបនេះ ជាការទូទាត់​ខុសច្បាប់។

ទិដ្ឋភាពសង្គម

តំបន់ដីឡូត៍មិនងាយនឹងមានការអភិវឌ្ឍនោះទេ ដោយសារអ្នកទិញដីឡូត៍ភាគច្រើន ជាអ្នកមានជីវភាពមធ្យម និងពួកគេរង់ចាំគ្នា មិនងាយនឹងធ្វើការសាងសង់លំនៅដ្ឋាននោះទេ។ ទោះជាពួកគេសាងសង់លំនៅដ្ឋាន ក៏ជាលំនៅដ្ឋានគ្មា​នរបៀបរៀបរយនោះដែរ ព្រោះពួកគេមានចិត្តស្រលាញ់ខុសៗគ្នា ដែលធ្វើឲ្យស​ហគមន៍ពួកគេរស់នៅមិនមានសោភ័ណភាពឡើយ។

ទិដ្ឋភាពសេដ្ឋកិច្ច

អ្នកទិញដីឡូត៍ភាគច្រើន ចង់ទិញយកលក់យកចំណេញ ប៉ុន្តែតាមធម្មតា អ្នកទិញដីឡូត៍ មិនងាយទទួលបានផលចំណេញនោះទេ ព្រោះអ្នកវិនិយោគពុះដីឡូត៍លក់ បានយកចំណេញខ្ពស់រួចទៅហើយ។ ហេតុនេះការទិញដីឡូត៍មិនសូវ ទទួលបានផលចំណេញខ្ពស់នោះឡើយ៕

ប្រភព : Property area