ភ្នំពេញ៖ នៅទីបំផុតព្រលានយន្តហោះខេត្តសៀមរាបថ្មី ដែលស្ថិតក្នុងទឹកដីស្រុកសូទ្រនិគម នឹងបើកការដ្ឋានសាងសង់ នៅក្រោយការបោះឆ្នោតនាពេលខាងមុខនេះ។
ក្នុងកិច្ចប្រជុំជាមួយអភិបាលខេត្តសៀមរាប កាលពីពេលថ្មីៗនេះ លោក Zou Yuhuiនាយករងក្រុមហ៊ុន YUNAN DEVELOPMENT GROUP ដែលជាក្រុមហ៊ុន វិនិយោគព្រលានយន្តហោះនេះបានឲ្យដឹងថា ក្រោយពេលប្រទេសកម្ពុជាធ្វើការបោះឆ្នោតរួចរាល់ ក្រុមហ៊ុននឹងរៀបចំពិធីបើកការដ្ឋានសាងស ង់ព្រលានយន្តហោះនេះជាផ្លូវការ ដើម្បីដំណើរការសាងសង់ ដែលគ្រោងចំណាយពេលប្រមាណ៥ឆ្នាំ។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុននេះ បានស្នើឲ្យអាជ្ញាធរខេត្តសៀមរាប យកចិត្តទុកដាក់លើការងារបច្ចេកទេសមួយចំនួន ពិសេសទីតាំងជុំវិញអាកាសយានដ្ឋាននេះ ទាក់ទងនឹងបង្គោលភ្លើង វត្តនៅលើភ្នំ និងគំរោងអភិវឌ្ឍន៍ខេត្តដើម្បីធានាសុវត្ថិភាពដល់វិស័យអាកាសចរណ៍។
ព្រលានយន្តហោះនេះមានទីតាំង ស្ថិតនៅក្នុងឃុំតាយែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
លោក Zou Yuhui បានបន្តឲ្យដឹងផងដែរថា រហូតមកទល់ពេលនេះ ក្រុមហ៊ុនបានកំពុងរៀបចំ និងកសាងផែនការមេ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ឋមួយចំនួនរួចហើយ ដើម្បីជំរុញឲ្យដំណើរការសាងសង់ព្រលាននេះ ទទួលបានជោគជ័យតាមការគ្រោងទុក។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានថ្លែងឲ្យដឹងថា ព្រលានយន្តហោះនេះ នឹងសាងសង់ជាពីរដំណាក់កាលដោយដំណាក់កាលទី១ គ្រោងចំណាយថវិកា៥០០លានដុល្លារ ដែលអាចចុះចតយន្តហោះខ្នាតមធ្យមសម្រាប់យន្តហោះខ្នាត4E និងដំណាក់កាលទី២ ទើបអាចចុះចតយន្តហោះខ្នាតយក្សបាន ហើយដំណាក់កាលចុងក្រោយនេះ គ្រោងចំណាយថវិកាជាង៣០០លានដុល្លារបន្ថែមទៀត។ លោកបន្តថា ការសាងសង់ព្រលានយន្តហោះនេះអាចចំណាយពេលពី៣ទៅ៥ឆ្នាំ ដើម្បីបញ្ចប់ទាំងដំណាក់កាលទី១និងដំណាក់កាលទី២។
ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោក ហូ វណ្ឌី បានថ្លែងថា នៅពេលព្រលានយន្តហោះនេះសាងសង់ចប់ និងអាចចុះចតយន្តហោះខ្នាតធំបាន វានឹងជួយទាក់ទាញវិស័យអាកាសចរណ៍ភ្ជាប់ជើងហោះហើរកាន់តែច្រើន ពិសេសនឹងនាំមកមិនត្រឹមតែ ភ្ញៀវទេសចរណ៍នោះទេ តែក៏នាំមកនូវវិស័យពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគបន្ថែមទៀតផងដែរ។
លោកបន្តថា “វាជារឿងអបអរសាទរ ចាប់តាំងពីការដាក់ចេញនូវគោលនយោបាយ បើកចំហជើងមេឃរបស់ប្រមុខរដ្ឋាភិបាល វិស័យអាកាសចរណ៍នៅកម្ពុជាមានភាពរីកចម្រើនខ្លាំង ហេតុនេះពេលព្រលាននេះសាងសង់ចប់ នឹងជំរុញវិស័យនេះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត”៕
ប្រភព : Property area