ភ្នំពេញ៖ ចំនួនយូនីតខុនដូថ្មី ដែលបានបញ្ចប់ការសាងសង់ និងដាក់ចូលទីផ្សារបានបន្តកើនចំនួនប្រមាណ2,000យូនីតបន្ថែមទៀត ខណៈទីផ្សារលក់លំនៅដ្ឋានបែបសហកម្មសិទ្ឋមានភាពយឺតជាងមុន។
យោងតាមរបាយការណ៍ចេញផ្សាយដោយក្រុមហ៊ុន CBRE Cambodiaកាលពីពេលថ្មីៗនេះបានបង្ហាញថា ការលក់របស់ខុនដូតម្លៃសមរម្យ និងខុនដូប្រភេទមធ្យមពុំមានការផ្លាស់ប្តូរដែលគួរឱ្យកត់សំគាល់នោះទេ ស្របពេលដែលតម្លៃរបស់ខុនដូប្រភេទប្រណីតបានកើនឡើង២%បើធៀបនឹងត្រីមាសមុន។ ក្នុងពេលដែលការផ្គត់ផ្គង់ការិយាល័យបានថយចុះ៣.៣% ខណៈដែលអត្រានៃការជួលអាគារការិយាល័យ បានកើនឡើងរហូតដល់៨៧.៧% នៅចុងត្រីមាសទី២ ពី៨២.៧% នៅចុងឆមាសទី១នៃឆ្នាំ2018នេះ។
ខុនដូដែលបានបញ្ចប់ការសាងសង់នៅក្នុងត្រីមាសទី២នេះ មានចំនួន5គម្រោង ដែលមានខុនដូសរុបរហូតដល់២,២៥៦យូនីត ត្រូវបានបើកលក់នៅលើទីផ្សារភ្នំពេញ។
អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានលើកឡើងផងដែរថា ចំពោះទីផ្សារខុនដូនាពេលបច្ចុប្បន្ន នៅតែស្ថិតលើបន្ទាត់វិជ្ជមានគ្មានអ្វីដែលគួរអោយបារម្ភនោះទេ ប៉ុន្តែទាស់ត្រង់ថាទំនោររបស់អ្នកទិញបានងាកទៅរកខុនដូដែលជិតបញ្ចប់ការសាងសង់ ឬបញ្ចប់ការសាងសង់ គេមិនទិញខុនដូណាដែលគ្រាន់តែប្រកាសគម្រោង ហើយផ្ដើមលក់នោះទេ។
អ្នកនាងបន្តថា “ខ្ញុំមិនមើលឃើញស្ថានភាពអចលនទ្រព្យ ពិសេសខុនដូមានបញ្ហានោះទេ ទោះបីជាការលក់យឺតបន្តិចធៀបនឹងឆ្នាំមុនក៏ដោយ”។
តំបន់បឹងកេងកង១ ខណ្ឌចំការមន នៅតែជាតំបន់ឈរមុខគេ ក្នុងការសាងសង់អាគារខុនដូរសម្រាប់ជួលឬលក់ ដោយក្នុងនោះអតិថិជនភាគច្រើន គឺជាវិនិយោគិនបរទេស ចំណែកវិនិយោគិនក្នុងស្រុកភាគច្រើន ទិញអគារខុនដូរជាយក្រុង ដែលមាននៅក្នុងខណ្ឌសែនសុខ និងសង្កាត់ចាក់អង្រែក្នុងខណ្ឌមានជ័យ៕
ប្រភព : Property area