ភ្នំពេញ៖ ការលក់ផ្ទះ មិនមែនដូចការលក់បន្លែនៅលើទីផ្សារទេ ព្រោះផ្ទះជាអចលនទ្រព្យធំមានតម្លៃខ្ពស់ និងជាអចលនទ្រព្យសម្រាប់បំរើការរស់នៅ ហេតុនេះ ការលក់ផ្ទះពិតជាពិបាក តែក៏មិនពិបាកបើសិនជាលោកអ្នកអនុវត្តន៍តាមអ្នកជំនាញរបស់យើង។
លោកស្រី តាំង ហួរ អគ្គនាយិកានៃក្រុមហ៊ុន AMATAK Property Service Co, Ltd ដែលមានជំនាញលើការងារនេះ បានឲ្យដឹងកាលពីព្រឹកថ្ងៃទី១៦ កក្កដានេះថា ការលក់ផ្ទះឲ្យឆាប់ដាច់ មិនមែនជាការងាយស្រួលនោះទេ ប្រសិនជាយើងមិនដឹងពីយុទ្ឋសាស្រ្ត និងរបៀបរៀបចំផ្ទះឲ្យបានត្រឹមត្រូវ។
លោកស្រីបានបន្តថា ដើម្បីលក់ផ្ទះឆាប់ដាច់ម្ចាស់ផ្ទះត្រូវអនុវត្តន៍វិធីសាស្រ្តចំនួន៥ រួមមាន
ទី១ ហាមលក់ផ្ទះដែលមិនបានសំអាតហើយកខ្វក់ និងមានក្លិនមិនល្អ។
ទី២ នៅពេលដែលអ្នកសម្រេចចិត្តលក់អចលនទ្រព្យ របស់អ្នកត្រូវសុំការប្រឹក្សាពីក្រុមហ៊ុន ឬអ្នកដែលមានជំនាញ ឬត្រូវទទួលយកតំលៃសមរម្យណាមួយសំរាប់លក់ និងត្រូវការសំអាតអនាម័យឲ្យបានស្អាត ប្រសិនបើផ្ទះអ្នកមានសួនច្បារត្រូវថែរក្សារកាត់ផ្កាឲ្យស្រស់បែបធម្មជាតិ។
ទី៣ ម្ចាស់ផ្ទះត្រូវយកចិត្តទុកដាក់ជាពិសេស ទៅលើបន្ទប់គេង កុំឲ្យមានខោ អាវរញ៉េរញ៉ៃ និងបន្ទប់ទឹកក្លិនមិនល្អ។ អំពូលភ្លើងដាច់ងងឹតឈឹង ផ្ទះបាយមិនស្អាត កន្លែងទទួលភ្ញៀវ និងទីធ្លាផ្នែកខាងក្រោយមិនសំអាតជារឿងមិនត្រូវធ្វើ។ កុំទុកឱ្យមានចានមិនទាន់លាង ឬផ្ទះបាយមិនស្អាតឱ្យសោះ ឫក្លិនជក់បារីនៅក្នុងផ្ទះ និងចៀសវាងក្លិនអាហារផ្សេងៗ ដូចជាត្រី ប្រហុក ឬអាហារដែលមានក្លិនខ្លាំងដទៃទៀត។
ទី៤ ត្រូវសម្អាតផ្ទះឲ្យបានស្អាត និងមានក្លិនល្អជាគន្លឹះ ដើម្បីផ្តល់ភាពទាក់ទាញ។ ជៀសវាងប្រើគ្រឿងក្រអូបSpayបាញ់ខ្លាំងពេក មុនពេលអ្នកទិញមកផ្ទះ របស់អ្នក និងចំណុចទី៥ គឺជាគន្លឹះពិសេសចុងក្រោយមុន នឹងភ្ញៀវមកមើលផ្ទះអ្នកត្រូវបើកភ្លើងពណ៍ឲ្យភ្លឺល្មម ហើយកុំភ្លេចបើកម៉ាស៊ីនត្រជាក់ចោលផង ហើយត្រូវមានក្លិនល្អ។ លោក អ្នកអាចឆុងកាហ្វេ ឬដុតទៀនក្រអូប Aroma មុនពេលមានការចុះមកមើលផ្ទះរបស់អ្នកទិញ ព្រោះក្លិនទាំងនេះ គឺមានការទាក់ទាញយ៉ាងខ្លាំង ហើយអាចទាក់ទាញចំណាប់អារម្មណ៍អ្នកទិញបាន៕
ប្រភព : Property area