ភ្នំពេញ : ក្រុមអ្នកជំនាញអចលនទ្រព្យកម្ពុជាបានអះអាងស្រដៀងគ្នាថា សង្គ្រាមពាណិជ្ជកម្មរវាងចិន-អាមេរិក មិនធ្វើអោយប៉ះពាល់ដល់វិស័យអចលនទ្រព្យនៅកម្ពុជានោះទេ ខណៈវិស័យមួយនេះកំពុងវិស័យបោះជំហ៊ានទៅមុខយ៉ាងរ៉ឹងមាំ។
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអចលនទ្រព្យ Century21 Cambodia លោក គុយ វ៉ាត បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៤ កក្កដានេះថា បទពិសោធន៍វិបត្តិសេដ្ឋកិច្ចពិភពលោកកាលពីឆ្នាំ២០០៨ ២០០៩ កម្ពុជាបានរងផលប៉ះពាល់ពីវិបត្តិនេះផងដែរ ប៉ុន្តែមិនរងផលប៉ះពាល់ខ្លាំងនោះឡើយ។ ហេតុនេះសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន និងជាមួយសហគមន៍អឺរ៉ុបពិតជាមានផលប៉ះពាល់ដល់វិស័យនេះ ប៉ុន្តែមិនមានរងឥទ្ឋិពលឬប៉ះពាល់ខ្លាំងទេ ហើយវាបានចាប់ផ្តើមប្រសើរឡើងវិញក្នុងរយៈពេលដ៏ខ្លី ដោយសារដ្ឋាភិបាលបានដាក់ចេញគោលនយោបាយ គាំពារបានទាន់ពេលវេលា និងត្រឹមត្រូវ។
លោកបន្តថា “វិបត្តិនេះមិនទាន់ឃើញមានផលប៉ះពាល់អ្វីនោះទេ ហើយស្ថានភាពនេះអាចនឹងជាឳកាសទៅវិញ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដូចកម្ពុជា ប៉ុន្តែវាអាចជាវិបត្តិផងដែរ ដែលយើងមិនអាចព្យាករណ៍បាននៅឡើយ”។
កាលពីពេលថ្មីៗនេះប្រមុខរដ្ឋាភិបាលបានជំរុញឲ្យអ្នកស្រាវជ្រាវ និងសេដ្ឋវិទូនានាសិក្សាពីវិបត្តិនេះថាតើនឹងមានផលប៉ះពាល់ដល់កម្ពុជាយ៉ាងដូចម្តេច។
លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century21 Mekongបានថ្លែងថា វិស័យនេះមិនរងផលប៉ះពាល់នោះទេ ដោយសារគោលនយោបាយសហរដ្ឋអាមេរិក ពិសេសរដ្ឋបាលលោកដូណាល់ ត្រាំចេះតែលលេងជាមួយប្រទេសនានា។លោកបន្តថា វិបត្តិនេះអាចនឹងបញ្ចប់នៅពេលឆាប់ៗនេះ ប្រសិនជាមើលទៅលើនិន្នាការនេះ។
ទោះជាយ៉ាងណាលោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា សង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនអាចធ្វើឲ្យសេដ្ឋកិច្ចពិភពលោកថមថយល្បឿន និងមិនអាចឲ្យពិភព លោកអាចព្យាករណ៍អ្វីទុកមុនបានទេ ហើយវិបត្តិនេះពិតជារងផលប៉ះពាល់ដល់ប្រទេសទាំងអស់ ប៉ុន្តែកម្រិតនៃផលប៉ះពាល់ វាអាស្រ័យលើគោលនយោបាយរបស់ប្រទេសនិមួយៗ។
លោកបន្តថា “សម្រាប់កម្ពុជាក៏អាចមានផលប៉ះពាល់ផងដែរ ប៉ុន្តែរដ្ឋាភិបាលត្រូវមានភាពឆ្លាតវៃ ដោយត្រូវមានទំនាក់ទំនងល្អជាមួយប្រទេសទាំងអស់ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់យើង”។លោកបន្តថា “ប្រទេសកម្ពុជាគួរពង្រឹងសាច់ដុំរបស់ខ្លួន តាមរយៈការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចរបស់យើងឲ្យមានភាពរ៉ឹងមាំ ដើម្បីពង្រឹងផ្ទៃក្នុងផង ពង្រីកការនាំចេញទៅកាន់ប្រទេសដទៃផង ដើម្បីកុំឲ្យយើងពឹងផ្អែកតែអាមេរិក ឬសហគមន៍អឺរ៉ុប”៕
ប្រភព : Property area