ភ្នំពេញ៖ អ្នកជំនាញនានាបានលើកឡើងថា ការវិនិយោគលើដីធ្លីសុទ្ឋតែទទួលបានផលចំណេញ និងប្រឈមនឹងហានិភ័យផងដែរ ហេតុនេះការជ្រើសរើសទីតាំង ដើម្បីវិនិយោគបានផលចំណេញមានសារៈសំខាន់ណាស់។
ប្រធានសមាគមអ្នកវាយតំលៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកបណ្ឌិត គីម ហ៊ាង បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា លោកគិតថាការវិនិយោគលើដីធ្លីមានការបែងចែកជាដំណាក់កាលខុសៗគ្នា អាស្រ័យលើទំហំទុន និងពេលវេលាសមស្រប ប៉ុន្តែលោកបានផ្តល់យោបល់ថា បើសិនជាអ្នកមានលទ្ឋភាពចង់ទិញដីសាងសង់ខុនដូ គួរទិញនៅតំបន់ទួលគោក ភ្នំពេញថ្មីសម្រាប់រយៈពេល៥ឆ្នាំក្រោយ។
ប៉ុន្តែប្រសិនជាចង់ទិញដីសាងសង់បុរី លោកគិតថាគួរទិញដីដែលមានចម្ងាយ៣០គីឡូម៉ែត្រជុំវិញក្រុងភ្នំពេញ និងនៅស្របតាមខ្សែក្រវ៉ាត់ក្រុងទី២ ហើយបើគិតដល់រយៈពេល១០ឆ្នាំក្រោយ ទិញដីស្ថិតនៅចម្ងាយ៤០គីឡូម៉ែត្រពីភ្នំពេញ គឺពិតជាមិនខុសនោះទេ។ លោកគីម ហ៊ាងបញ្ជាក់ឲ្យដឹង។
លោកបន្តថា “តម្លៃដីធ្លីនៅតំបន់ជុំវិញក្រុង នឹងកើនឡើងខ្លាំង ដោយសារកំនើនប្រជាសាស្រ្ត កំណើនសេដ្ឋកិច្ច និងប្រាក់ចំណូលប្រជាពលរដ្ឋ”។លោកបន្តថា “តាមការព្យាករណ៍បានរកឃើញថា ប្រជាជនក្រុងភ្នំពេញនឹងកើនឡើងដល់៧លាននាក់នៅឆ្នាំ២០៣០ ហើយខ្ញុំយល់ស្រប”។
ប្រធានសមាគមរូបនេះបានបន្តថា បទពិសោធន៍បែបនេះ បានកើតមានរួចហើយ នៅប្រទេសម៉ាឡេស៊ី ថៃ វៀតណាម ដែលប្រជាជន ពិសេសយុវជនចូលមកកាន់ទីក្រុងរកការងារធ្វើ និងមកសិក្សា ហើយពួកគេនឹងមិនត្រលប់ទៅវិញនោះទេ។
នាយិកាក្រុមហ៊ុន Century21 Cambodia អ្នកនាង Grace Rachny Fong បានថ្លែងឲ្យដឹងផងដែរថា ប្រសិនជានិយាយពីឳកាសវិនិយោគវិញ អ្នកមានលទ្ឋភាពគួរទិញដីធ្លីទុកយកចំណេញ ប៉ុន្តែគួររកទីតាំងល្អដោយត្រូវពិនិត្យមើលលើតម្រូវការជំវិញ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ឋ គំរោងវិនិយោគលើវិស័យម្ហូបអាហារ និងភេសជ្ជៈនានា ដែលសុទ្ឋតែជាសកម្មភាពអភិវឌ្ឍន៍ធ្វើឲ្យតម្លៃដីឡើងថ្លៃ។
អ្នកនាងបន្ថែមថា “អ្នកវិនិយោគគួរសម្លឹងមើលដី នៅតាមបណ្តោយផ្លូវជាតិលេខ១ លេខ២ និងទីតាំងមួយចំនួនទៀត ដែលមានសក្តានុពល”៕
ប្រភព : Property area