Register Already an agent ? Login

តើចិនឈរជើងក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាយ៉ាងដូចម្តេច?

ភ្នំពេញ វិនិយោគិនចិនកាន់តែកើនច្រើនឡើង បានចូលមកវិនិយោគនៅកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ ដោយពួកគេមកវិនិយោគលើវិស័យជាច្រើន នៅក្នុងប្រ​ទេសកម្ពុជា ក្នុងចំណោមនោះគេមើលឃើញថា វិស័យសំណង់គឺជាគោលដៅថ្មីរបស់របស់វិនិយោគិនចិនដែលចាប់អារម្មណ៍ខ្លាំង។

ជាក់ស្តែងគម្រោងសំណង់អគារខ្ពស់ៗកប់ពក នៅក្នុងរាជធានីភ្នំពេញនិងបណ្តាខេត្តមួយចំនួនដូចខេត្តព្រះសីហនុជាដើម បានសរសេរផ្ទាំងប៉ាណូជាអក្សចិនធំៗ យ៉ាងព្រោងព្រាតនោះបាននិងកំពុងសាងសង់យ៉ាងសកម្ម។

ការណ៍នេះ ត្រូវបានគេមើលឃើញថា វិនិយោគិនចិននៅពីក្រោយនៃការរីកចម្រើនសំណង់អគារនានាក្នុងប្រទេសកម្ពុជា។ នេះក៏ដោយសារតែមេដឹកនាំនៃប្រទេសកម្ពុជា សម្តេចតេជោហ៊ុន សែន មានទំនាក់ទំនងល្អ និងយ៉ាងជិតស្និតជាមួយរដ្ឋាភិបាលចិនរហូតមក។

កាសែត The New York Time បានសរសេរថា ចិនមកវិនិយោគនៅកម្ពុជាជាការលាងលុយកខ្វក់ ជាការសរសេរមួយដែលអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានបដិសេធ។

យោងតាមរបាយការណ៍របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ក្នុងឆ្នាំ២០១៧កន្លងទៅនេះ គម្រោងសាងសង់សំណង់ក្នុងប្រទេសកម្ពុជា បានកើនឡើង២២ភាគរយធៀបនឹងឆ្នាំ២០១៦ ក្នុងនោះគម្រោងភាកច្រើន គឺជាគម្រោងសាងសង់របស់វិនិយោគិនចិន។ ជាមួយគ្នានេះក្រសួងបានផ្តល់គម្រោងសាសង់៣.០៥២គម្រោង និងមានផ្ទៃក្រឡាសរុបប្រមាណ ១០លានម៉ែតការ៉េ។

អ្នកជំនាញវិស័យអចលនទ្រព្យមួយចំនួនបានឲ្យដឹងថា អ្នកអភិវឌ្ឍន៍គំរោ ​​ងសំណង់ភាគច្រើនគឺជាជនជាតិចិន ហើយអ្នកដែលទិញក៏ជនជាតិចិនតែមិនសម្រាប់រស់នៅឡើយ គឺទិញយកទៅវិនិយោគបន្ត។ យោងតាមតួលេខផ្លូវការដែលបានចេញផ្សាយកាលពីឆ្នាំ២០១៦ បង្ហាញថា ចំនួនវិយោគិនចិនប្រមាណជា ៣០ ភាករយដែលបានមកវិនិយោគក្នុងវិស័យសំណង់ក្នុងប្រទេសកម្ពុជា។

សម្រាប់ឆ្នាំ២០១៨នេះ ក្រុមហ៊ុនដ៏ធំរបស់ចិន Prince Real Estate and Yue Tai Group នឹងសម្ពោធគម្រោងរបស់ខ្លួន ដាក់លក់ក្នុងទីផ្សារក្នុងតំលៃពី ២២,០០០ដុល្លារ ទៅ៩០.០០០ដុល្លារក្នុងមួយយូនីត។

អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodiaបានថ្លែងថា គំរោងវិនិយោគរបស់ចិនភាគច្រើនជាគំរោងធំៗ ដែលមានលំនៅដ្ឋា​នច្រើន និងជាគំរោងមិនសូវបានគិតគូពីភាពបៃតងនោះទេ ហើយគំរោងទាំងនោះភាគច្រើនផ្តោតលើអតិថិជនចម្រុះ ទាំងជនជាតិចិន និងជនជាតិខ្មែរ ក៏ដូចជាជនបរទេសដទៃទៀត។

អ្នកនាងបន្តថា “ការវិនិយោគរបស់ចិននៅកម្ពុជា ដោយសារតែសេដ្ឋកិច្ចកម្ពុជារីកចម្រើន កំណើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និងទំនាក់ទំនងល្អរវាង​រដ្ឋាភិបាលប្រទេសទាំងពីរ”។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកគីម ហ៊ាងបានថ្លែងថា ការវិនិយោគរបស់ចិននៅកម្ពុជា ជារឿងល្អដែលផ្តល់ផលប្រយោ​ជន៍ច្រើនដល់សេដ្ឋកិច្ច និងសង្គមកម្ពុជា ប៉ុន្តែលោកបានផ្តល់អនុសាសន៍ឲ្យរដ្ឋាភិ​បាល គួរចាប់យកទីផ្សារផ្សេងទៀត ជាជាងចាប់យកតែទីផ្សារចិន ព្រោះបើចិនមានបញ្ហា កម្ពុជានឹងមានបញ្ហា ប៉ុន្តែបើយើងមានទីផ្សារច្រើន ទោះបីចិនមានបញ្ហា យើងនឹងមិនប្រឈមមុខនឹងបញ្ហានោះទេ។

លោកបានលើកឧទាហរណ៍ប្រៀបធៀបថា “ការពឹងផ្អែកចិនតែមួយ ប្រៀប​បីដូចជាយើងដកដង្ហើមដោយប្រើរន្ឋច្រមុះតែមួយ ដូច្នេះបើរន្ឋច្រមុះនោះស្ទះទៀត យើងនឹងមានបញ្ហា”។លោកបន្តថា “ផ្ទុយទៅវិញ បើយើងដកដង្ហើមដោយ​ប្រើរន្ឋច្រមុះពីរ ទោះបីរន្ឋច្រមុះមួយស្ទះ ក៏នៅមានរន្ឋមួយទៀតសម្រាប់ដកដង្ហើមដែរ”៕

ប្រភព : Property area