ភ្នំពេញ៖ ពេលវេលានៃការបោះឆ្នោតបានជិតឈានចូលមកដល់ សកម្មភាពនៃការលក់អចលនទ្រព្យមានកំនើនខ្ពស់ ហើយតម្រូវការថយចុះ តើក្នុងកំឡុងអន្តរកាលបែបនេះម្ចាស់អចលនទ្រព្យគួរលក់ឬទេ? ។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យស្លឹករឹត លោក ឃាង ពុទ្ឋី បានមានប្រសាសន៍ឲ្យដឹងនាពេលថ្មីៗនេះថា ស្ថានភាពវិស័យអចលនទ្រព្យឆ្នាំ២០១៨ លោកគិតថាវាជាស្ថានភាពល្អ សម្រាប់អ្នកវិនិយោគ ព្រោះនិន្នាការវិវត្តន៍របស់វា គឺមានបី ទី១ វាល្អសម្រាប់អ្នកទិញ គឺជាពេលមានអ្នកដាក់ អចលនទ្រព្យលក់ច្រើនក្នុងទីផ្សារ តែមានអ្នកទិញតិច ទី២ វាល្អសម្រាប់អ្នកលក់ គឺនៅពេលអចលនទ្រព្យឡើងថ្លៃ ហើយម្ចាស់អចលនទ្រព្យលក់ដើម្បីយកទៅវិនិយោគលើផ្នែកផ្សេងៗទៀត និងមានផែនការច្បាស់លាស់។
លោកបន្តថា “ក្នុងស្ថានភាពបែបនេះ ខ្ញុំគិតថាប្រសិនជាមិនមានភាពចាំបាច់ ម្ចាស់អចលនទ្រព្យមិនគួរលក់នោះទេ ព្រោះពេលលក់រួច ហើយពេលអចលនទ្រព្យមានតម្លៃល្អឡើងវិញ គាត់មិនអាចយកលុយបានពីការលក់នោះ ទៅទិញអចលនទ្រព្យបានវិញនោះទេ”។
លោកបានបន្តថា ឆ្នាំនេះជាឳកាសល្អ ព្រោះតម្លៃអចលនទ្រព្យនឹងឡើងយឺតឬអាចស្ថិតក្នុងសភាពទ្រឹង ជាពេលដែលមានតម្លៃល្អ ទីតាំងល្អ ហើយគំរោងអចលនទ្រព្យធំៗជាច្រើន នឹងដាក់ចូលទីផ្សារ ឬបញ្ចប់ការសាងសង់។លោកបន្តថា ខុនដូជាច្រើននឹងបានបញ្ចេញក្នុងទីផ្សារ មានន័យថាទីផ្សារអចលនទ្រព្យនឹងបញ្ចេញច្រើននៅក្នុងទីផ្សារ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជាលោក គីម ហ៊ាង បានលើកឡើងស្រដៀងគ្នាថា នៅឆ្នាំនៃការបោះឆ្នោតម្តងៗ មានអ្នកលក់អចលនទ្រព្យច្រើន តែអ្នកទិញតិច គឺជាពេលល្អសម្រាប់អ្នកទិញ ព្រោះអ្នកទិញជាអ្នកកំណត់ទីផ្សារ ខុសពីពេលស្ថានភាពអចលនទ្រព្យមានតម្រូវការច្រើន គឺម្ចាស់អចលនទ្រព្យជាអ្នកកំណត់ទីផ្សារ។លោកបន្តថា កំឡុងពេលនេះ អ្នកមានលុយសុទ្ឋ ទិញអចលនទ្រព្យជាអ្នកមានអាទិភាព និងអាចរកទិញអចលនទ្រព្យដែលមានតម្លៃក្រោមទីផ្សារបានចន្លោះពី២០ទៅ៣០ភាគរយ។
លោកបន្តថា “ដើម្បីរកអចលនទ្រព្យមានតម្លៃទាបជាងទីផ្សារ អ្នកវិនិយោគគួរស្វែងរកការប្រឹក្សា ឬស្វែងរកសេវាកម្មពីអ្នកជំនាញ”៕
ប្រភព : Property area