Register Already an agent ? Login

អ្នកជំនាញថា ការកើនតម្លៃដីខ្ពស់ពេកជាឧបសគ្គនៃការវិនិយោគ

ភ្នំពេញ៖ អ្នកជំនាញនិងអ្នកអភិវឌ្ឍន៍បានលើកឡើងស្រដៀងគ្នាថា ការកើនឡើងតម្លៃដីខ្ពស់ពេក បានក្លាយជាឧបសគ្គមួយរារាំងការអភិវឌ្ឍន៍ នៅតំបន់បឹងជើងឯក និងបឹងទំពុន ដែលតម្លៃដីខ្ពស់បែបនេះបានរំខានដល់ការវិនិយោគ និងសកម្មភាពអភិវឌ្ឍន៍នានា។

អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីចុងសប្តាហ៍មុនថា តំបន់បឹងជើងឯក និងបឹងទំពុនមានភាពទាក់ទាញ និងជាតំបន់ល្អសម្រាប់ការអភិវឌ្ឍ ប៉ុន្តែសកម្មភាពអភិវឌ្ឍន៍នៅតំបន់នេះ​មិនទាន់មានសកម្មភាពជាដុំកំភួនទេ តែតម្លៃដីបានកើនខ្ពស់ ដែលធ្វើឲ្យអ្នកវិនិយោគបុរីមិនអាចធ្វើបានទេ នៅពេលតម្លៃដីកើនខ្ពស់ដល់កម្រិតនេះ។

អ្នកនាងបន្តថា “តម្លៃដីនៅតាមបណ្តោយមហាវិថីសម្តេចតជោហ៊ុន សែនមានភាព​សមស្រប តែតម្លៃដីលំនៅដ្ឋានមានតម្លៃខ្ពស់ មិនអាចសាងសង់បុរីបានទេ”។ អ្នកនាងបន្តថា “តំបន់មួយមិនអាចមានតែសកម្មភាពពាណិជ្ជកម្ម ឬសាងសង់តែមជ្ឈមណ្ឌលពាណិជ្ជ​កម្មនោះទេ ព្រោះសកម្មភាពពាណិជ្ជកម្មត្រូវការការគាំទ្រពីប្រជាជន ពីអ្នកអភិវឌ្ឍន៍លំ​នៅដ្ឋាន”។

អ្នកនាងអាន សុធីតា

លើកឡើងស្រដៀងគ្នានេះផងដែរ លោកង៉ែត ពិសិដ្ឋជំនួយការអគ្គនាយកបុរីពិភព​ថ្មីបានថ្លែងថា តម្លៃដីពិតជាឡើងថ្លៃខ្ពស់ពេកនៅតំបន់នេះ ដែលធ្វើឲ្យមិនអាចសាងសង់​លំនៅដ្ឋានលក់បាន ដោយសារការចំណាយទៅលើថ្លៃដីបានខ្ពស់រួចទៅហើយ។លោក​បន្តថា បច្ចុប្បន្នក្រុមហ៊ុនបានជួបឧបសគ្គក្នុងការស្វែងរកដី ដើម្បីអភិវឌ្ឍឬសាងសង់បុរីណាស់ ដោយសារតម្លៃដីកើនឡើងខ្ពស់ពេក។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ដើម្បីលើកំពស់សោភណ្ឌភាពទីក្រុង ឱ្យកាន់តែស្រស់ស្អាត សាលារាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរក្រុងប៉ារីស ក្នុងការអភិវឌ្ឍន៍តំបន់ជើងឯកឱ្យក្លាយជាទីក្រុងបៃ​តង ដោយយកគំរូតាមទីក្រុងប៉ារីសប្រទេសបារាំង ក្នុងការៀបចំហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មសាធារណៈ សំណង់គ្រឹះស្ថាន អគារពាណិជ្ជកម្មនានាក្នុងតំបន់នេះនាពេលខាងមុខ។

លោកបន្តថា គំរោងអភិវឌ្ឍន៍ថ្មីនេះ ធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការ រវាងរដ្ឋបាលរាជធានីភ្នំពេញជាមួយ និងសាលាក្រុងប៉ារីស លើវិស័យនគរូបនីយកម្មក្នុងរាជធានីភ្នំពេញ ដោយតំបន់ភាគខាងត្បូងជាទីតាំងដែលមានទំហុំធំទូលាយមួយ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលមានសក្តានុពលក្នុងការអភិវឌ្ឍន៍លើវិស័យផ្សេងៗ ពិសេសសំណង់ពាណិជជ្ជកម្ម ដែលជាដើមចមនាំឱ្យសាលាក្រុងប៉ារីស ដែលជាទីក្រុងមានបទពិសោធន៍ នៃការរៀបចំទីក្រុងឱ្យមានភាពស្រស់បំព្រង ចង់ឱ្យតំបន់នោះក្លាយជាតំបន់បៃតងដែលមានបរិស្ថានល្អ ពិសេសជៀសផុតពីគ្រោះទឹកជំនន់៕

ប្រភព : Property area