Register Already an agent ? Login

អ្នកជំនាញក្រុមហ៊ុនអចលនទ្រព្យល្បីៗ ចំនួន១២ បានចុះកិច្ចព្រមព្រៀងបង្កើតវិទ្យាស្ថានអចលនវត្ថុកម្ពុជា

​ភ្នំពេញ:​ ថ្នាក់ដឹកនាំក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុកម្ពុជាចំនួន១២ បានចុះកិច្ចព្រមព្រៀង ដើម្បីឈានទៅបង្កើតមជ្ឈមណ្ឌលអចលនវត្ថុកម្ពុជា ដែលមជ្ឈមណ្ឌលនេះបង្កើ​តឡើង ក្នុងគោលដៅបើកវគ្គបណ្តុះបណ្តាលជំនាញអចលនវត្ថុនៅប្រទេសនេះ។ 

​លោកឃាង ពុទ្ឋីប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលអចលនវត្ថុកម្ពុជាបានមាន​ប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី៨ កក្កដាកន្លងមកថា ក្រុមហ៊ុនទាំង១២បាន​សម្រេចចុះហត្ថលេខា ដើម្បីចាប់ផ្តើមបង្កើតទុនរួមគ្នា ក្នុងការបើកមជ្ឈមណ្ឌលនេះ។ ការ​បណ្តុះបណ្តាលជំនាញជាភ្នាក់ងារវាយតម្លៃអចលនវត្ថុ និងជំនាញវាយតម្លៃជាដើម នឹងធ្វើ​ឡើងនៅខែកញ្ញាខាងមុខនេះ។

រហូតមកទល់ពេលនេះ មជ្ឈមណ្ឌលបានទទួលអាជ្ញាប័ណ្ណពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរួចហើយ។

ថ្នាក់ដឹកនាំក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុកម្ពុជាចំនួន១២

​លោកបន្តថា “ការបណ្តុះបណ្តាលធនធានមនុស្សផ្នែកអចលនទ្រព្យ ជាការឆ្លើយតបនឹងតម្រូវការធនធានមនុស្ស នៅក្នុងទីផ្សារដែលកំពុងមានភាពរីកចម្រើននេះ”។លោកបន្តថា “មួយទសវត្សរ៍ចុងក្រោយនេះវិស័យសំណង់ និងអចលនវត្ថុកម្ពុជាមានភាពរីកចម្រើ​នខ្លាំង ហើយមានអ្នកជំនាញមកពីបរទេសមកធ្វើការងារនេះ ប៉ុន្តែចំនួនធនធានមនុស្សក្នុងវិស័យនេះនៅតែមានការខ្វះខាត”។

​លោកឃាង ពុទ្ឋីបានបន្តថា កម្មវិធីសិក្សាត្រូវបានរៀបចំតាមស្តង់ដាជាតិ និងអន្តរជាតិ ព្រោះយើងបានសិក្សាពីកម្មវិធីសិក្សានៅប្រទេសជាច្រើន ដូចជា សឹង្ហុបុរី ជប៉ុន កូរ៉េជាដើម យកមកច្របាច់បញ្ចូលគ្នា ដើម្បីធ្វើយ៉ាងណាឲ្យកម្មវិធីសិក្សារបស់យើងស្របតាម​បរិបទកម្ពុជា និងបរិបទតំបន់។លោកបន្តថា ចំណែកគ្រូបង្រៀនឬសាស្រ្តាចារ្យ នឹងជ្រើស​រើសយកចេញពីថ្នាក់ដឹកនាំក្រុមហ៊ុន និងអ្នកមានបទពិសោធន៍លើការងារនេះជាច្រើនឆ្នាំ ព្រមទាំងសាស្រ្តាចារ្យជំនាញមកពីបរទេសផងដែរ។

​ការចុះឈ្មោះចូលរៀននៅមជ្ឈមណ្ឌលនេះ នឹងចាប់ផ្តើមពីខែសីហាខាងមុខនេះ នៅការិយាល័យរបស់មជ្ឈមណ្ឌលស្ថិតក្នុងគំរោង One Park នៃមជ្ឈមណ្ឌលភ្នំពេញ(អតីតបឹងកក់)៕

សកម្មភាពក្នុងការប្រជំុ

ប្រភព : Property area