Register Already an agent ? Login

អាគារការិយាល័យប្រណីតកប់ពពកមួយត្រៀម ឈានជើងចូលទីផ្សារ

ភ្នំពេញ៖ ទីផ្សារការិយាល័យមិនទាន់ឆ្អែតនៅឡើយទេ ដោយអាគារការិយាល័យថ្មី​កប់ពពកមួយស្ថិតនៅលើមហាវិថីព្រះនរោត្តម នឹងបើកដំណើរការនៅចុងត្រីមាសទី៣ខាងមុខនេះ។

អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia ដែលទទួលសិទ្ឋិគ្រប់គ្រងការជួលផ្តាច់មុខ នៃគំរោងនេះបានឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២ កក្កដានេះថា អាគារការិយាល័យប្រណីត Key Stone នឹងបើកដំណើរការនៅចុងត្រីមាសទី៣ឆ្នាំនេះ ដែលវានឹងក្លាយជាអាគារការិយាល័យលំដាប់B Plusថ្មីមួយសម្រាប់ទី​ក្រុងភ្នំពេញ។ គំរោងនេះនឹងដាក់ជួលក្នុងតម្លៃ២២ដុល្លារ បូកនឹងថ្លៃសេវាកម្មគ្រប់គ្រងចំ​នួន៤ដុល្លារក្នុងមួយម៉ែត្រការ៉េ។

អាគារ Key Stone នឹងមានការប្រើប្រាស់ចម្រុះផងដែរ ដែលមានធនាគារនៅជាន់ខាងក្រោម និង Sky Bar នៅជាន់ខ្ពស់ជាងគេនៃអាគារ ដែលមានកំពស់សរុប២០ជាន់នេះ។

អ្នកនាងអាន សុធីតាបានបន្តថា គំរោងនេះត្រូវបានវិនិយោគដោយក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុន ដែលមានមូលដ្ឋាននៅកោះតៃវ៉ាន់ ហើយប្រើប្រាស់សេវាកម្មរបស់ CBRE Cambodia ជាភ្នាក់ងារជួលផ្តាច់មុខ។ អ្នកនាងបន្តថា ទីផ្សារការិយាល័យដែលមានម្ចាស់តែមួយ មិនមានបញ្ហានៅក្នុងទីផ្សារទេ ប៉ុន្តែយើងមានការព្រួយបារម្ភពីទីផ្សារការិយាល័យបែបសហកម្មសិទ្ឋ ដែលមានការផ្គត់ផ្គង់ច្រើនរហូតដល់ជាង៦០,០០០ម៉ែត្រ​ការ៉េនៅក្នុងឆ្នាំនេះ។

អាគារការិយាល័យ Key Stone ស្ថិតនៅលើមហាវិថីព្រះនរោត្តម ក្នុងសង្កាត់បឹងកេងកង១ ខ័ណ្ឌចំការមន ជាតំបន់បណ្តុះទៅដោយសកម្មភាពពាណិជ្ជកម្ម សេវាកម្មយ៉ាងរសរវើក។

ការកើនឡើងនូវការផ្គត់ផ្គត់អាគារការិយាល័យថ្មីៗ កំពុងឆ្លើយតបការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា ពិសេសការកើនឡើងនូវក្រុមហ៊ុនក្នុងស្រុកថ្មីៗ និងការកើនឡើងនៃក្រុម​ហ៊ុនអន្តរជាតិ ដែលបានចូលមកកាន់ទីផ្សារកម្ពុជាយ៉ាងគំហុក៕

ប្រភព : Property area asia